ខ្សែប្រយុទ្ធវ័យក្មេងរបស់ថៃ Suphanat Mueanta ចង់រួមក្រុមជាមួយ Messi

មាស សុផាណារ៉ុង May 13, 2020


 

ថៃ៖ ខ្សែប្រយុទ្ធវ័យក្មេង Suphanat Mueanta បានសម្តែងការកោតសរសើរចំពោះ Lionel Messi និងបានបង្ហាញពីបំណងចង់ឈរក្បែរគ្នាជាមួយកំពូលតារាឆ្នើមរបស់អាហ្សង់ទីនរូបនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Thai League Talk ខ្សែប្រយុទ្ធមកពីក្លិប Buriram United វ័យ ១៧ឆ្នាំ Suphanat Mueanta មិនស្ទាក់ស្ទើរក្នុងការហៅឈ្មោះ Lionel Messi ទេនៅពេលគេចោទសួរថា តើតារាបាល់ទាត់ណាដែលអ្នកចង់លេងរួមក្រុមជាមួយ។

«ប្រសិនបើខ្ញុំត្រូវជ្រើសរើស ខ្ញុំប្រាកដជាចង់ឈរក្បែរ Lionel Messi ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Barca និងជាកីឡាករល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ Messi ទទួលបានជោគជ័យច្រើនណាស់ គាត់ពិតជាពូកែជាងគេ ហើយមិនត្រូវចាំបាច់ត្រូវបង្ហាញអ្វីបន្ថែមទៀតឡើយ។» ខ្សែប្រយុទ្ធថៃរូបនេះបានលើកឡើង។

Suphanat កើតក្នុងឆ្នាំ២០០២ បានតម្លើងមកក្រុមធំរបស់ Buriram នៅអាយុ ១៦ឆ្នាំ និងជាម្ចាស់កំណត់ត្រាក្នុងបាល់ទាត់ថៃ នាមជាកីឡាករវ័យក្មេងជាងគេ និងជាអ្នករកគ្រាប់បាល់បានក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ គេក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិថៃ នៅត្រឹមអាយុ ១៦ឆ្នាំ ហើយបច្ចុប្បន្នជាកម្លាំងសំខាន់របស់ក្រុម U-23។

នៅក្នុងការប្រកួតដ៏ធំចុងក្រោយ គឺ AFC U-23 ដែល Suphanat ក៏បានបង្ហាញនូវការរីកចម្រើនយ៉ាងខ្លាំងផងដែរ។ គេរកបាន ២គ្រាប់ និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការនាំ U23 ថៃ ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។

ការបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍បានជួយឲ្យរូបគេទទួលការចាប់អារម្មណ៍ពីក្រុមធំៗជាច្រើននៅអាស៊ី។ យោងតាមសារព័ត៌មាន ​​SMM Sport ក្រុមជាច្រើននៅលីគជប៉ុន J.League កំពុងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍របស់ Suphanat ហើយមានឆន្ទៈចំណាយច្រើនដើម្បីជ្រើសរើសកីឡាកររូបនេះ។

នៅលើវិបសាយដោះដូរកីឡាករ (Transfermarkt) សមាជិកនៃក្លិប Buriram United រូបនេះត្រូវបានគេកំណត់តម្លៃខ្លួនដល់ទៅ ៤៥០,០០០ អឺរ៉ូ (ក្បែរ ៥០ម៊ឺនដុល្លារ) ផងដែរ ស្ថិតក្នុងវ័យត្រឹមតែ ១៧ឆ្នាំ៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់