ប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា បរិច្ចាគថវិកាដល់អតីតកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា និងអាជ្ញាកណ្តាល

មាស សុផាណារ៉ុង May 12, 2020


 

មីយ៉ាន់ម៉ា៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា លោក Zaw Zaw បានធ្វើការបរិច្ចាគថវិកា និងអង្ករ ដល់អតីតកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា រួមទាំងអាជ្ញាកណ្តាល ផងដែរ។

គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីកាត់បន្ថយបន្ទុកខ្លះៗរបស់អតីតអ្នកជំនាញ ទាំងនោះនៅចំពេលដែលពួកគេទទួលរងពីផលព៉ះពាល់ដោយសារជំងឺកូវីដ-១៩។

នៅក្នុងពិធីដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការសហព័ន្ធ (MFF) ក្នុងទីក្រុងយ៉ាំងហ្គោន លោក Zaw Zaw បានប្រគល់អំណោយជាសាច់ប្រាក់ដល់ចំនួន ១០០,០០០ ក្យាត (ប្រហាក់ប្រហែល ៧២ដុល្លារ) និងអង្ករ ១ កញ្ចប់ដល់មនុស្សម្នាក់ៗ។ ទឹកប្រាក់សរុបដែលបានប្រគល់ជូន សរុប ២០៨នាក់ ស្មើនឹងចំនួន ២ម៉ឺនដុល្លារអាមេរិក។

គួរដឹងដែរថា ការផ្ដល់ជូននេះគឺតាមរយៈមូលនិធិ Ayeyarwady ដែលជារបស់ប្រធានសហព័ន្ធដដែលរូបនេះផ្ទាល់ បានគ្របដណ្តប់លើការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិកសុខាភិបាលទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជំនួយអង្ករដល់ប្រជាជនទាំងអស់ដែលត្រូវការជំនួយនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រៅតែពីតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា លោក Zaw Zaw គឺជាអ្នកជំនួញមួយរូបដែលមានឈ្មោះល្បីនៅប្រទេសមីយ៉ាន់ម៉ា។ លោកគឺជាប្រធានក្រុមហ៊ុនធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានក្លារជាប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន៕

 

ប្រភព៖ aseanfootball.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់