លីគកំពូលកូរ៉េខាងត្បូង ចាប់ផ្ដើមល្ងាចនេះ ខណៈនេះជារឿងរ៉ាវខ្លះៗដែលអ្នកចង់ទស្សនាគួរដឹង

មាស សុផាណារ៉ុង May 8, 2020


 

កូរ៉េខាងត្បូង៖ ពានរង្វាន់លីគបាល់ទាត់កូរ៉េខាងត្បូង (K-League) នឹងចាប់ផ្តើមរដូវកាល២០២០ របស់ខ្លួននៅថ្ងៃសុក្រនេះ ខណៈដែលនេះវាត្រូវបានគេចាត់ទុកថាជាលីគកំពូលជាតិ នៅទ្វីបអាស៊ីដែលរួចរាល់នឹងចាប់ផ្តើមមុនគេ បន្ទាប់ពីជំងឺកូវីដ-១៩ រាតត្បាតជាច្រើនខែ។

កូរ៉េខាងត្បូង គ្រប់គ្រងបានជំងឺរាតត្បាតប្រភេទថ្មីកូរ៉ូណា (កូវីដ-១៩) ជាពិសេសប្រៀបធៀបទៅនឹងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក ហើយដែលបានអនុញ្ញាតឲ្យលីគបាល់ទាត់របស់ខ្លួនត្រៀមវិលត្រឡប់មកវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយការប្រកួតមិត្តភាព បានបន្តពេញមួយខែមេសា និងមានផែនការច្បាស់លាស់ក្នុងការប្រកួតក្នុងពហុកីឡដ្ឋានដែលទទេ។

ចំនួនអ្នកពាក់ព័ន្ធជាង ១.១០០នាក់ នៅគ្រប់កម្រិតលីគបានធ្វើតេស្តរកកូវី-១៩ កាលពីសប្តាហ៍មុន ហើយរាល់ការធ្វើតេស្តនីមួយៗបានត្រឡប់មកវិញជាមួយលទ្ធផលអវិជ្ជមាន សម្រាប់វីរុសនេះ។ កីឡាករត្រូវបានគេប្រាប់មិនអោយស្តោះទឹកមាត់ ឬនិយាយជិតគ្នាទេ ខណៈដែលពួកគេនឹងមានដបទឹកផ្ទាល់ខ្លួនដែលមានដាក់ស្លាកសម្គាល់ឈ្មោះ។

លីគកំពូលកូរ៉េ បានក្លាយជាលីគធំមួយនៅអាស៊ី និងមានក្រុមធ្លាប់បានឈ្នះពានរង្វាន់ក្លិបបាល់ទាត់កម្រិតកំពូលនៅអាស៊ី (AFC Champions League) ច្រើនជាងក្លិបនៅលីគដទៃទៀតផងដែរ ពោលគឺ ១១ដង ក្នុងចំណោមក្លិប ៦ផ្សេងៗពីគ្នា។

ដើមឡើយ លីគនេះគ្រោងនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៩ ខែកុម្ភៈ ប៉ុន្តែលើកមកប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០៨ ខែឧសភានេះ។ រដូវកាលឆ្នាំ២០២០ ត្រូវបានកាត់បន្ថយពី ៣៨ប្រកួត មកនៅត្រឹម ២៧ប្រកួត ខណៈក្រុមទាំង១២ ក៏បានយល់ព្រមផងដែរថាប្រសិនបើមានផលវិបាកបន្ថែមទៀត តារាងចំណាត់ថ្នាក់នឹងគិតចុងក្រោយ ដរាបណាមានការប្រកួតចំនួន ២២ត្រូវបានប្រកួត។

ខណៈនេះគ្រប់គ្នា នឹងផ្តោតលើ K-League ដើម្បីមើលពីរបៀបដែលពួកគេគ្រប់គ្រងសកម្មភាពនេះ ហើយពួកគេបាននិយាយថា ពួកគេមានឆន្ទៈក្នុងការចែករំលែកការរៀបចំរបស់ពួកគេ ជាមួយលីគដទៃទៀតនៅជុំវិញពិភពលោក។

Jeonbuk Hyundai Motors ដែលដឹកនាំដោយ លោក Jose Morais អតីតជំនួយការរបស់លោក Jose Mourinho គឺជាក្រុមការពារតំណែងជើងឯក ខណៈដែលពួកគេបានឈ្នះពានរង្វាន់ ចំនួន៥ ក្នុងចំណោម ៦ចុងក្រោយ ហើយមានកីឡាករប្រេស៊ីលជាច្រើន ដែលស្ទើរតែគ្រប់ក្លិបនៅ K-League ខណៈដែលក្រុមនីមួយៗត្រូវបានអនុញ្ញាតឲ្យមានកីឡាករបរទេស ៣រូប និង កីឡាករម្នាក់មកពីប្រទេសនៅទ្វីបអាស៊ី ផ្សេងទៀត។

ប្រកួតដំបូងនៅល្ងាចនេះគឺជាការជួបគ្នារវាង Jeonbuk FC ប្រកួតជាមួយ Suwon Bluewings វេលាម៉ោង ៥ល្ងាច ខណៈការប្រកួតមានផ្សាយផ្ទាល់នៅតាមបណ្តាញ YouTube ផ្លូវការរបស់ K League (youtube.com/withkleague) ជាមួយនឹងពិធីករអត្ថាធិប្បយជាភាសាអង់គ្លេស សម្រាប់អ្នកទស្សនាជុំវិញពិភពលោកថែមទៀតផង។

គួររំលឹកផងដែរថា ដើមឡើយការចាប់ផ្តើមនៃរដូវកាលលីគបាល់ទាត់កូរ៉េ (លីគកំពូល និងលីគទី២) ត្រូវបានកំណត់ឡើងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ប៉ុន្តែត្រូវបានពន្យាពេលវិញអស់រយៈពេលជាង ២ខែដោយសារតែការឆ្លងវីរុសកូវី-១៩ នេះ៕

 

ប្រភព៖ soccer.nbcsports.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់