ជម្រើសជាតិវៀតណាម នឹងចាប់ផ្ដើមហ្វឹកហាត់វិញនៅខែកញ្ញា ត្រៀមជម្រុះ World Cup

មាស សុផាណារ៉ុង May 7, 2020


 

វៀតណាម៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានប្រកាសថាក្រុមបាល់ទាត់ជម្រើសជាតិ នឹងចាប់ផ្តើមរៀបចំក្រុមឡើងវិញនៅខែកញ្ញា ខាងមុខនេះ សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក (World Cup qualifier) នាពេលខាងមុខនេះ។ ផែនការដំបូង គឺដើម្បីប្រមូលផ្តុំក្រុមនេះនៅខែមិថុនា និងលេងមិត្តភាព ២ប្រកួតក្នុងកំឡុងពេលសម្រាក FIFA Day។ ទោះយ៉ាងណាសហព័ន្ធយល់ថា វាមិនអាចអនុវត្តបានដោយសារហេតុផលមួយចំនួន។ ស្រង់ចេញពីសារព័ត៌មាន vnexpress.net។

មានហេតុផលដោយសារការប្រកួតលីគកំពូលវៀតណាម (V. League 1) គ្រោងនឹងបន្តនៅចុងខែឧសភា បន្ទាប់ពីការពន្យាពេលយ៉ាងយូរ ហើយនឹងត្រូវលេងជាប្រចាំក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដូច្នេះការកោះហៅកីឡាករទៅក្រុមជម្រើសជាតិ នៅខែមិថុនាមិនមែនជារឿងល្អនោះទេ។ កីឡាករត្រូវការពេលវេលាលេងដើម្បីត្រលប់ទៅរកទម្រង់ល្អដូចដើមវិញ។

សហព័ន្ធ មានផែនការរួចហើយសម្រាប់ក្រុមជម្រើសជាតិនៅខែកញ្ញា។ ក្រៅពីការហ្វឹកហាត់ដែលមានលក្ខណៈខ្លាំងក្លា VFF គ្រោងនឹងអញ្ជើញក្រុមអន្តរជាតិខ្លាំងៗ មួយចំនួន ដើម្បីប្រកួតមិត្តភាពជាមួយវៀតណាម។ គ្រូបង្វឹក លោក Park Hang-seo នឹងមានឱកាសសាកល្បងបង្កើតទម្រង់ផ្សេងៗគ្នា និងវាយតម្លៃកីឡាករមុនពេលជ្រើសរើសក្រុមចុងក្រោយសម្រាប់វគ្គជម្រុះ World Cup 2022 ។

បើយោងតាមកាលវិភាគបច្ចុប្បន្ន វៀតណាម នឹងប្រកួតក្រៅដីជាមួយម៉ាឡេស៊ី នៅថ្ងៃទី១៣ ខែតុលា។ បន្ទាប់មកពួកគេនឹងត្រូវប្រកួត ២ប្រកួតចុងក្រោយនៃពូល G នៅលើទឹកដី ទល់នឹងឥណ្ឌូនេស៊ី (ថ្ងៃទី១២ ខែវិច្ឆិកា) និងអារ៉ាប់រួម (ថ្ងៃទី១៧ ខែវិច្ឆិកា) ។

ក្នុងពូល G នៃវគ្គជម្រុះ World Cup វៀតណាម នាំមុខគេក្នុងតារាង ដោយមាន ១១ពិន្ទុ តាមពីក្រោយដោយម៉ាឡេស៊ី (៩ពិន្ទុ) ថៃ (៨ពិន្ទុ) និងអារ៉ាប់រួម (៦ពិន្ទុ)។ វៀតណាម នឹងត្រូវការយ៉ាងហោចណាស់ ៧ពិន្ទុ ក្នុង ៣ប្រកួតចុងក្រោយដើម្បីទទួលបានសំបុត្រទៅវគ្គជម្រុះបន្ទាប់ ជុំទី៣៕

 

ប្រភព៖ vnexpress.net

រូបភាព៖ Liên đoàn Bóng đá Việt Nam – VFF

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់