លីគបាល់ទាត់កូរ៉េខាងត្បូង ត្រលប់មកវិញស្អែកនេះ បន្ទាប់ពីធូរស្បើយជំងឺកូវីដ-១៩

មាស សុផាណារ៉ុង May 7, 2020


 

កូរ៉ខាងត្បូង៖ លីកបាល់ទាត់កូរ៉េខាងត្បូង លីគកំពូល និងលីគទី២ នឹងត្រលប់មកវិញនៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ស្ថានភាពជំងឺកូវីដ-១៩ (COVID-19) ក្នុងប្រទេសនេះ កាន់តែមានភាពល្អប្រសើរ និងគ្រប់គ្រងបាន។

សហព័ន្ធបាល់ទាត់អាជីពកូរ៉េ (K League) បានបញ្ជាក់ថា ដោយសារតែការព្រួយបារម្ភអំពីការឆ្លងមេរោគក្នុងរយៈពេលយូរអង្វែង ការប្រកួតរដូវកាល២០២០ នឹងត្រូវលេងដោយគ្មានអ្នកគាំទ្រ។

ជាមួយគ្នាផងដែរ គ្រប់កីឡាករ និងមន្ត្រីទាំងអស់ សរុបជិត ១,១០០នាក់ នៅក្នុងលីគបានធ្វើតេស្តរកមេរោគកូវី-១៩ រួចរាល់ និងលទ្ធផលអវិជ្ជមានទាំងអស់ ស្របពេលដែលកីឡាករ ត្រូវបានហាមប្រាមមិនអោយស្តោះទឹកមាត់ហួសហេតុ ឬនិយាយអោយជិតគ្នានោះទេ ខណៈដែលពួកគេនឹងមានដបទឹកផ្ទាល់ខ្លួនដែលមានដាក់ស្លាកសញ្ញាសម្គាល់ផងដែរ។

រឹតតែពិសេសទៅទៀតនោះ សហព័ន្ធបាល់ទាត់អាជីពកូរ៉េ (K League) បាននិយាយថាការប្រកួតបើកឆាករដូវកាល២០២០ លីគកំពូល (K League 1) នៅថ្ងៃសុក្រ រវាង Jeonbuk Hyundai Motors ប្រកួតជាមួយ Suwon Samsung Bluewings នឹងមានការផ្សាយនៅតាមបណ្តាញ YouTube ផ្លូវការរបស់ K League (youtube.com/withkleague) និងតាមគណនី Twitter ផ្លូវការរបស់ខ្លួន @kleague ជាមួយនឹងពិធីករអត្ថាធិប្បយជាភាសាអង់គ្លេស សម្រាប់អ្នកទស្សនាជុំវិញពិភពលោក។

ដោយឡែកចំពោះលីគទី២ គឺនឹងត្រលប់មកវិញក្រោយ ១ថ្ងៃ ពោលថ្ងៃទី០៩ ខែឧសភា ដែលមាន ១០ក្រុមប្រកួតប្រជែងគ្នា។

គួររំលឹកផងដែរថា ដើមឡើយការចាប់ផ្តើមនៃរដូវកាលលីគបាល់ទាត់កូរ៉េ (លីគកំពូល និងលីគទី២) ត្រូវបានកំណត់ឡើងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ប៉ុន្តែត្រូវបានពន្យាពេលវិញអស់រយៈពេលជាង ២ខែដោយសារតែការឆ្លងវីរុសកូវី-១៩ នេះ៕

 

ប្រភព៖ koreaherald.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់