Hanoi FC បើកថ្នាក់បង្រៀនភាសាអង់គ្លេសដើម្បីត្រួសត្រាយផ្លូវដល់កីឡាករខ្លួនចេញទៅប្រកអាជីពនៅបរទេស

មាស សុផាណារ៉ុង May 5, 2020


 

ហាណូយ៖ ក្លិបបាល់ទាត់ដែលកំពុងឈានមុខគេនៅវៀតណាម Hanoi FC ត្រូវបានសារពត៌មានចុះផ្សាយ ពីគម្រោងបើថ្នាក់បង្រៀនភាសាអង់គ្លេសដល់កីឡាករខ្លួន ដើម្បីជាការត្រួសត្រាយផ្លូវនៅពេលអនាគត។

Hanoi FC នឹងបើកថ្នាក់បង្រៀនភាសាអង់គ្លេសដល់កីឡាករនៅទីស្នាក់ការកណ្តាលរបស់ក្រុម។ ក្រៅពីជួយកីឡាករឲ្យបង្កើនសមត្ថភាពភាសាអង់គ្លេស ប្រាស្រ័យទាក់ទងល្អជាមួយកីឡាករបរទេសលើទីលាន នេះក៏ជាកត្តាចាំបាច់សម្រាប់កីឡាករដែលកំពូងត្រូវបានចាប់អារម្មណ៍ពីក្លិបបរទេស ដូចជា Quang Hai និងមិត្តរួមក្រុមរបស់គេឲ្យកាន់តែមានទំនុកចិត្ត ប្រសិនបើចេញទៅប្រកបអាជីពនៅក្រៅប្រទេស។

ជំនាញភាសាអង់គ្លេស មិនត្រឹមតែបម្រើបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងរឿងរ៉ាវនៃជីវិតនៅពេលក្រោយទៀតផង។ នាពេលខាងមុខនេះ Hanoi Club នឹងបើកថ្នាក់ភាសាអង់គ្លេសសំរាប់កីឡាករនៅល្ងាចមួយក្នុងមួយសប្តាហ៍។ ដូច្នេះក្រុមបានផ្តោតលើអនាគតរបស់កីឡាករ ដោយផ្តល់ឲ្យកីឡាករម្នាក់ៗនូវចំណេះដឹងបន្ទាប់ពីចូលនិវត្តន៍។ ខ្សែបម្រើរបស់ក្លិប កីឡាករ Duc Huy បានបង្ហើប។

គេបានលើកឧទាហរណ៍ជាក់ស្តែង កាលពីពេលមុននៅពេលដែលការប្រកួតត្រូវបានពន្យាពេលដោយសារ Covid-19 កីឡាករមួយចំនួនរបស់ Hanoi FC ដូចជា Quang Hai, Van Quyet, Hung Dung បានចាប់ផ្តើមជួលគ្រូបង្រៀនភាសាអង់គ្លេស។ ទាំងអស់បង្ហាញពីភាពខិតខំក្នុងការសិក្សា ដើម្បីអាចប្រាស្រ័យទាក់ទងប្រកបដោយទំនុកចិត្តនៅពេលពួកគេចេញទៅប្រកបអាជីពនៅក្រៅប្រទេស។

គួរដឹងផងដែរ កីឡាករវៀតណាម មួយចំនួនធំត្រូវបានគេបង្ហើបឲ្យដឹងថានៅមានបញ្ហាជាមួយភាសាបរទេស ជាពិសេសភាសាអង់គ្លេស ដែលជាហេតុនាំឲ្យកីឡាករដែលធ្លាប់ត្រូវបានចាប់អារម្មណ៍ដោយក្លិបបរទេសពិបាកក្នុងការទៅចូលរួមដោយសាបញ្ហានៃការប្រាស្រ័យទាកទង ជាក់ស្ដែងដូចជា កីឡាករ Quang Hai ផ្ទាល់តែម្ដង និងសូម្បីតែបច្ចុប្បន្នកីឡាករ Doan Van Hao ដែលកំពុងលេងនៅ SC Heerenveen នៃលីគកំពូលហូឡង់ ក៏មានបញ្ហាខ្លះៗដោយសារការប្រាស្រ័យទាក់ទងនេះផងដែរ៕

 

ប្រភព៖ sports442

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់