ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ FIFA មិនចង់ឲ្យមានការប្រកួតបាល់ទាត់ឡើងវិញមុនខែកញ្ញា ឡើយ

មាស សុផាណារ៉ុង April 29, 2020


 

ស្វីស៖ ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Michel D’Hooghe មានប្រសាសន៍ថា លោកជឿជាក់ថាបាល់ទាត់មិនគួរចាប់ផ្តើមឡើងវិញទេរហូតដល់ខែកញ្ញា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

លោក D’Hooghe បាននិយាយប្រាប់ទូរទស្សន៍ Sky Sports ថា ការរីករាលដាលនៃជំងឺរាតត្បាតគឺជា “ស្ថានភាពគួរឲ្យកត់សម្គាល់បំផុត ដែលយើងបានរស់នៅតាំងពីសង្គ្រាមលោកលើកទី ២”។

នៅពេលសួរថា តើលោកនឹងណែនាំបាល់ទាត់មិនវិលត្រឡប់មុនខែកញ្ញាទេ? លោក Michel D’Hooghe បាននិយាយថា៖ “នោះគឺជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ពិភពលោកមិនទាន់ត្រៀមខ្លួនសម្រាប់បាល់ទាត់ដែលមានការប្រកួតប្រជែងខ្លាំងនោះទេ។ ខ្ញុំសង្ឃឹមថារឿងនេះអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយដោយស្មោះត្រង់ខ្ញុំសង្ឃឹមបែបនេះ ប៉ុន្តែវាមិនមែនជាករណីដូចសព្វថ្ងៃនេះទេ។ ថ្ងៃនេះ អ្នកត្រូវការការអត់ធ្មត់បន្ថែមទៀត។”

លោក D’Hooghe បានបន្ថែមទៀតថា បាល់ទាត់នៅតែជាកីឡាដែលមានទំនាក់ទំនងគ្នាជានិច្ច ហើយរឿងដំបូងដែលអ្នករាល់គ្នានិយាយគឺថាអ្នកគួរតែចៀសវាងការទំនាក់ទំនងនាពេលបច្ចុប្បន្ន ដូច្នេះបាល់ទាត់អាចធ្វើទៅបាន លុះត្រាតែអាចឲ្យមានការធ្វើទំនាក់ទំនងទៅបានម្តងទៀត៕

 

ប្រភព៖ espn.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់