សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បញ្ជាក់ថាប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិកពី FIFA មិនមែនសម្រាប់ក្លិបក្នុងលីគឡើយ

មាស សុផាណារ៉ុង April 28, 2020


 

ម៉ាឡេស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានបញ្ជាក់ថា ទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដែលត្រូវទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) មិនមែនសម្រាប់ក្រុមនៅលីគបាល់ទាត់ម៉ាឡេស៊ី (M-League) ឡើយ។ នេះបើយោងតាមការដក់ស្រងពីសារព័ត៌មាន nst.com.my

សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា ទឹកប្រាក់នេះគឺជាផ្នែកមួយនៃមូលនិធិប្រតិបត្តិការប្រចាំឆ្នាំ ដែលបានផ្តល់ឱ្យដោយ ​FIFA។ វាមិនមែនជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមូលនិធិសង្គ្រោះ Covid-19 របស់ FIFA ទេ។

អគ្គលេខាធិការ FAM លោក Stuart Ramalingam បាននិយាយថា ពួកគេមិនបានទទួលព័ត៌មានណាមួយអំពីមូលនិធិ FIFA (Covid-19) ទេ។ លោកបានបន្ថែមទៀតថាថវិកាចំនួន ៥០ម៊ឺនដុល្លារអាមេរិកនេះ គឺបានមកពីកម្មវិធី FIFA Forward Programm ។

«នេះមិនមែនជាមូលនិធិ Covid-19 ទេ។ ថវិកាចំនួន ២,២លានរីងហ្គីដ (៥០ម៊ឺនដុល្លារអាមេរិក) គឺសម្រាប់សកម្មភាព និងចំណាយប្រតិបត្តិការរបស់យើងដែលត្រូវបានអនុម័តដោយ FIFA កាលពីឆ្នាំមុន។ វាជាការបូកបញ្ចូលជាមុនសម្រាប់អំឡុងខែកក្កដា ដល់ខែធ្នូ។»

ទោះយ៉ាងណាលោក Stuart បានបង្ហើបថា៖ «មានមូលនិធិ FIFA មួយផ្សេងទៀត ប៉ុន្តែយើងមិនទាន់ដឹងថាវាជាគោលបំណងអ្វីនៅឡើយទេ។ ជាធម្មតានៅពេល FIFA ចែកចាយមូលនិធិ ឬជំនួយវានឹងមានគោលការណ៍ណែនាំ ឬយន្តការនៃការចែកចាយ។ គោលការណ៍ណែនាំនឹងត្រូវបានផ្តល់ជូនដើម្បីធានាថា យើងអាចសម្រេចចិត្ត និងគ្រប់គ្រង ប៉ុន្តែរហូតមកដល់ពេលនេះមិនមានព័ត៌មានអំពីបញ្ហានេះទេ។»

កាលពីថ្ងៃសុក្រសប្តាហ៍មុន FIFA បានចេញសេចក្តីប្រកាសមួយ ប្រកាសពីការផ្តល់មូលនិធិប្រតិបត្តិការដែលមានទឹកប្រាក់សរុប ១៥០លានដុល្លារ ដើម្បីចែកចាយទៅឲ្យសហព័ន្ធដែលជាសមាជិក ២១១របស់ខ្លួន។

ស្ថាប័នពិភពលោក បានបញ្ជាក់ថាសមាជិកនីមួយៗនឹងទទួលបានថវិកាចំនួន ៥០ម៊ឺនដុល្លារអាមេរិកជាជំហានដំបូង សម្រាប់ផែនការផ្តល់ជំនួយសង្គ្រោះដល់សហគមន៍បាល់ទាត់ ដែលត្រូវបានបំផ្លាញដោយជំងឺកូវីដ-១៩ (Covid-19)៕

 

ប្រភព៖ nst.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់