លីគវៀតណាម អាចត្រលប់មកវិញនៅពាក់កណ្ដាលខែក្រោយ បើកូវីដ១៩ ក្នុងប្រទេសនេះកាន់តែធូរស្រាល

មាស សុផាណារ៉ុង April 28, 2020


 

វៀតណាម៖ ក្រុមបាល់ទាត់នៃលីគកំពូលវៀតណាម កំពុងវិលត្រឡប់ទៅកាន់ទីលានហ្វឹកហាត់វិញ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ (Covid-19) ក្នុងប្រទេសនេះ ហាក់កាន់តែប្រសើរឡើង។

សេចក្ដីរាយការណ៍បន្តថា ប្រសិនបើស្ថានភាពកូវីដ-១៩ នៅវៀតណាម មានភាពប្រសើរឡើងនោះ ការប្រកួតបាល់ទាត់ខាប់ (National Cup) អាចចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី១៥ ខែឧសភា និងលីគកំពូលវៀតណាម (V. League 1) អាចចាប់ផ្ដើមនៅថ្ងៃទី២៣ ខែឧសភា។ លីគបាល់ទាត់របស់ប្រទេសវៀតណាម ត្រូវបានពន្យារពេលចាប់តាំងពីពាក់កណ្តាលខែមីនា បន្ទាប់ពីលេងប៉ុន្មានប្រកួតដោយគ្មានអ្នកទស្សនា។

យ៉ាងណាមិញ នៅវៀតណាម គ្រប់ក្លិបទាំងអស់បានធ្វើវិធានការណ៍ការការពារដូចៗគ្នា ក្នុងអំឡុងពេលហ្វឹកហាត់ ដើម្បីធានាសុវត្ថិភាព ក្នុងទីតាំងហ្វឹកហាត់ ជាក់ស្ដែងដូចជា ក្លិប Ho Chi Minh City FC បានប្រមូលផ្ដុំគ្នារួចរាល់ហើយសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃសៅរ៍ ដោយប្រធានក្លិបបានបញ្ជាក់ថាកីឡាករបានពិនិត្យសុខភាព និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ក្នុងពេលសម្រាក។

ដោយឡែកចំពោះក្លិប Hai Phong FC វិញបានបង្ហើបថា កីឡាករត្រូវពាក់ម៉ាស និងលាងដៃ ហើយនឹងដាក់កំហិតក្នុងការដើរហើរ គ្រាដែលក្លិប Quang Nam FC បានធ្វើការបែងចែកការហ្វឹកហាត់ជាក្រុម ដោយមិនច្រើនជាង ១០នាក់ ហើយនៅមុនការហ្វឹកហាត់នានា គឺមានការបាញ់ថ្នាំសម្លាប់មេរោគ នៅលើស្មៅថែមទៀតផង។

ការរៀបចំសម្រាប់រដូវកាលដែលនៅសេសសល់ នឹងក្លាយជាបញ្ហាសម្រាប់ក្លិបជាច្រើន ដោយកីឡាករភាគច្រើនលេងបានតែ ២ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៦ខែចុងក្រោយនេះលើកលែងតែ Than Quang Ninh និង HCMC FC ដែលចូលរួមប្រកួត AFC Cup។

V. League ស្ថិតនៅក្រោមសម្ពាធបន្ថែមទៀតធ្វើយ៉ាងណាឲ្យឆាប់បញ្ចប់ ដើម្បីអនុញ្ញាតឱ្យក្រុមជម្រើសជាតិមានពេលវេលាដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះ AFF Cup (Suzuki Cup) និងវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup 2022) នៅចុងឆ្នាំនេះ ផងដែរ៕

 

ប្រភព៖ e.vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់