FIFA ដាក់សំណើរចង់ឲ្យមានការផ្លាស់ប្ដូរកីឡាករបាន ៥នាក់ ប្រសិនបើការប្រកួតនានាអាចត្រលប់មកវិញ

មាស សុផាណារ៉ុង April 28, 2020


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានដាក់សំណើរ អំពីក្រុមទាំងអស់គួរតែត្រូវបានអនុញ្ញាតឲ្យមានការផ្លាស់ប្តូរកីឡាករចំនួន ៥នាក់ក្នុងមួយប្រកួត ជំនួសឲ្យការប្រកួតធម្មតា ប្ដូរបានចំនួន ៣នាក់ ដែលជាវិធានការណ៍បណ្តោះអាសន្ន ដើម្បីសម្រួលនឹងការសម្រួលកម្មវិធីប្រកួតដែលអាចមមាញឹក បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។

បាល់ទាត់បានជាប់គាំងចាប់តាំងពីពាក់កណ្តាលខែមីនា ហើយលីគ និងសហព័ន្ធជាច្រើននៅតែសង្ឃឹមថានឹងបញ្ចប់រដូវកាលនេះ ប៉ុន្តែដើម្បីធ្វើដូច្នេះពួកគេនឹងត្រូវរៀបចំការប្រកួតរយៈពេលខ្លីជាងធម្មតានៅពេលលេងម្តងទៀត។

FIFA បានលម្អិតអំពីផែនការបណ្តោះអាសន្នកាលពីថ្ងៃច័ន្ទ ដើម្បីជួយការពារពីការរងរបួសបន្ថែមទៀតដោយសារតែ ការប្រឹងប្រែងខ្លាំងពេករបស់កីឡាករ។

សំណើនេះផ្តល់ឲ្យអ្នករៀបចំការប្រកួត នូវជម្រើសនៃការអនុញ្ញាតឲ្យគ្រប់ក្រុមអាចផ្លាស់ប្ដូរកីឡាករបាន ៥នាក់ ជំនួសឲ្យការផ្លាស់ប្ដូរតែ ៣នាក់ ក្នុងរយៈពេល ៩០នាទី ហើយឡើងដល់៦ នៅក្នុងការប្រកួត ដែលត្រូវបន្ថែមម៉ោង។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការព្រួយបារម្ភមួយនៅក្នុងបញ្ហានេះគឺថា ការកើនឡើងខ្ពស់នៃចំនួនប្រកួតច្រើនជាងមុន នៃការប្រកួតធម្មតា អាចបង្កើនហានិភ័យនៃការរងរបួសដែលបណ្តាលមកពីការប្រឹងប្រែងខ្លាំងរបស់កីឡាករ”

FIFA បានស្នើឱ្យរក្សាច្បាប់គោលការណ៍ផ្លាស់ប្ដូរកីឡាករ ៥នាក់ នៅរដូវកាលក្រោយ ដែលមើលទៅទំនងជាចាប់ផ្តើមនៅពេលក្រោយហើយត្រូវបានបញ្ចូលទៅក្នុងពេលវេលាតិចជាងនេះ។

យ៉ាងណាមិញ សំណើនេះត្រូវតែត្រូវបានចុះហត្ថលេខាដោយគណៈកម្មាធិការបង្កើតច្បាប់បាល់ទាត់ ដែលត្រូវបានគេស្គាល់ឈ្មោះថា IFAB ខណៈការអនុម័ត IFAB ជាផ្លូវការដែលរួមបញ្ចូលទាំងមន្ត្រីមកពី FIFA និងសហព័ន្ធជាតិចក្រភពអង់គ្លេសទាំងបួន (អង់គ្លេស, វែល, ស្គុតឡែន និងអៀរឡង់)។

វាក៏នឹងត្រូវអនុវត្តផងដែរចំពោះរាល់ការប្រកួតក្រុមជម្រើសជាតិ ចាប់ពីខែធ្នូ ឆ្នាំ២០២១។

បញ្ជាក់ថា ទាំងនេះគឺយោងទៅលើគោលការណ៍ចំបងរបស់ FIFA ដែលចាត់ទុកសុខភាពកើតឡើងមុនគេ ហើយគ្មានការប្រកួត ឬព្រឹត្តិការណ៍ប្រកួតណាមួយដែលអាចប្រថុយជីវិតមនុស្សនោះទេ៕

 

ប្រភព៖ global.espn.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់