ប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា បរិច្ចាគថវិកា ១លានដុល្លារអាមេរិកដល់ប្រទេសខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

មាស សុផាណារ៉ុង April 23, 2020


 

មីយ៉ាន់ម៉ា៖ លោក Zaw Zaw ប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បានបរិច្ចាគថវិកាសរុបចំនួន ១លានដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរាតត្បាតជាសកល។

ជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) ពាសពេញពិភពលោក ស្ថានភាពក៏មានដូចគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសនេះបានកត់ត្រាករណីឆ្លងសរុបចំនួន ១១៩ករណី ខណៈលោក Zaw Zaw ដែលជាប្រធានមូលនិធិ Ayeyarwady បានចូលរួមវិភាគទានចំនួន ១លានដុល្លារអាមេរិកដើម្បីជួយដល់តំបន់រងគ្រោះនានាក្នុងប្រទេស។

មូលនិធិ Ayeyarwady ដំបូងឡើយបានបរិច្ចាគជំនួយវេជ្ជសាស្រ្តដែលមានតម្លៃរាប់ម៊ឺនដុល្លារ (ប្រមាណ ៦៩,០០០ដុល្លា) ដោយក្នុងនោះមានជំនួយជា ថ្នាំពេទ្យ សម្ភារៈមន្ទីរពេទ្យ និងសម្ភារៈការពារដល់មន្ទីរពេទ្យ Waibargi និងមន្ទីរពេទ្យកុមារ Yankin។

បន្ទាប់មកមូលនិធិ Ayeyarwady បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា ក្នុងការផ្តល់មណ្ឌលទ្រទ្រង់កន្លែងដាក់ឲ្យនៅដាច់ដោយឡែក អាហារប្រចាំថ្ងៃសម្រាប់អ្នកទាំងអស់ដែលត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័ក។ លោកក៏បានផ្តល់ជំនួយដល់បុគ្គលិកសុខាភិបាលជួរមុខ និងអ្នកស្ម័គ្រចិត្ត ដោយរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថែមទៀតផង។

មូលនិធិ Ayeyarwady បានគ្របដណ្តប់លើការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិកសុខាភិបាលទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជំនួយអង្ករដល់ប្រជាជនទាំងអស់ដែលត្រូវការជំនួយនៅទូទាំងប្រទេស។

គួរដឹងផងដែរថា ក្រៅតែពីតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា លោក Zaw Zaw គឺជាអ្នកជំនួញមួយរូបដែលមានឈ្មោះល្បីនៅប្រទេសមីយ៉ាន់ម៉ា។ លោកគឺជាប្រធានក្រុមហ៊ុនធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានក្លារជាប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន៕

 

ប្រភព៖ aseanfootball.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់