លីគកំពូលតាជីគីស្ថាន លើកបដាលើកទឹកចិត្តប្រទេសដែលកំពុងមានករណីកូវីដ១៩ មុនប្រកួត

មាស សុផាណារ៉ុង April 21, 2020


 

តាជីគីស្ថាន៖ ប្រទេសតាជីគីស្ថាន ត្រូវបានដឹងជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ដែលគ្មានករណីនៃជំងឺកូវីដ១៩ (COVID-19) កើតឡើងសូម្បីតែមួយករណី គ្រាដែលជំងឺនេះបច្ចុប្បន្នកំពុងរាតត្បាតស្ទើរជុំវិញពិភពលោក នាំឲ្យសកម្មភាពនានា រួមទាំងបាល់ទាត់ផងដែរនោះត្រូវបានផ្អាក។

ការណ៍ដែលពុំមានករណីនៃជំងឺកូវីដ១៩ (COVID-19) កើតឡើងសូម្បីតែមួយនេះ បានធ្វើឲ្យលីគបាល់ទាត់នៃប្រទេសនៅតំបន់អាស៊ីកណ្ដាលមួយនេះ បន្តការប្រកួតលីគកំពូលរបស់ខ្លួន (Tajikistan Higher League) ជាធម្មតា ប៉ុន្តែស្ថិតក្នុងការប្រកួតបិទទ្វារ ដោយមានការការពារ តាមរយៈមិនអនុញ្ញាតិឲ្យទស្សនិកជនចូលរួមទស្សនាផងដែរ។

យ៉ាងណាមិញ នៅមុនការប្រកួតមកដល់នៃលីគកំពូលតាជីគីស្ថាន ដែលមាន ១០ក្រុមនោះ គឺមានការលើកជាបដាលើកទឹកចិត្តប្រទេសដែលកំពុងមានករណីកូវីដ១៩ នៅជុំវិញពិភពលោក ជាពិសេសប្រទេសដែលនៅក្បែរខាងដូចជា រុស្សី,​ អ៊ូបីគីស្ថាន, ចិន, កាសាស្ថាន, កៀរសីស្ថាន និងអាហ្វហ្គានីស្ថាន ជាដើមដែលសុទ្ធសឹងតែជាប្រទេសមានករណីកូវីដ១៩ និងគេចាត់ទុកថាជាបងប្អូន។

គួរដឹងផងដែរថា លីគកំពូលតាជីគីស្ថាន រដូវកាល២០២០ បានចាប់ផ្ដើមកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ខណៈគិតមកទល់ពេលនេះគឺប្រកួតបាន ៣សប្ដាហ៍មកហើយ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌនៃការប្រកួតបិទទ្វារ។

លីគកំពូលតាជីគីស្ថាន ក៏ត្រូវបានគេចាត់ទុកថាជាលីគមួយក្នុងចំណោមលីគបាល់ទាត់មួយចំនួនតូចនៅលើពិភពលោក ដូចជាប្រទេស នីការេក័រ (Nicaragua), ប៊េឡារុស (Belarus) និងកោះតៃវ៉ាន់ ដែលមិនមានការលើកពេល ឬផ្អាកលីគក្នុងអំឡុងកូវីដ១៩ កំពុងរាតត្បាតជាសាកល៕

 

រូបភាព៖ Tajikistan Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់