គ្រូបង្វឹកនៅលីគម៉ាឡេស៊ី ទំនងជានឹងទទួលយកការកាត់បន្ថយប្រាក់ខែពី ១០ទៅ៣០ភាគរយ

មាស សុផាណារ៉ុង April 20, 2020


 

ម៉ាឡេស៊ី៖ គ្រូបង្វឹកនៅក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ទំនងជានឹងទទួលយកការកាត់ប្រាក់បៀវត្សពី ១០ ទៅ ៣០ ភាគរយ ពីក្រុមរបស់គេរៀងៗខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មាន news straits times

កីឡាករ និងគ្រូបង្វឹក ត្រូវបានគេណែនាំឲ្យទទួលយកការកាត់បន្ថយប្រាក់ឈ្នួល ខណៈក្រុមកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុបន្ទាប់ពីការពន្យាពេលនៃការប្រកួតលីគ M-League ដោយសារតែជំងឺ Covid-19 រាតត្បាត។

ប្រធានសមាគមគ្រូបង្វឹកបាល់ទាត់ម៉ាឡេស៊ី (MFCA) លោក B. Satiananthan បាននិយាយថា មិនត្រូវកាត់អត្រាប្រាក់ឈ្នួលតាមស្តង់ដារឡើយ ព្រោះគ្រូបង្វឹកមិនមានប្រាក់បៀវត្សស្មើគ្នានោះឡើយ។ «បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយគ្រូបង្វឹក M-League ខ្ញុំជឿជាក់ថាពួកគេនឹងទទួលយកការកាត់ប្រាក់ខែចន្លោះពី ១០ទៅ៣០ ភាគរយ។ ប្រសិនបើអ្នកកំណត់អត្រាស្តង់ដារ វានឹងអយុត្តិធម៌សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។» លោក Satiananthan លើកឡើង។

គ្រូបង្វឹកក្រុម Selangor FA រូបនេះបាននិយាយថាគ្រូបង្វឹកត្រូវបានគេសន្មត់ថាត្រូវចរចាដោយផ្ទាល់ជាមួយក្លឹបរបស់ពួកគេ ទាក់ទងនឹងការកាត់បន្ថយប្រាក់ខែ។ «MFCA នឹងឈានជើងចូលប្រសិនបើមានការខ្វែងគំនិតគ្នារវាងសមាជិករបស់យើង និងក្លឹបរបស់គាត់។ ខ្ញុំបានឭថា ក្លិបខ្លះចង់ ឲ្យគ្រូបង្វឹករបស់ពួកគេយល់ព្រមនឹងការកាត់បន្ថយប្រាក់ឈ្នួល ៥០ ភាគរយ ថែមទៀតផង។»

គួរបញ្ជាក់ថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ លីគកំពូលម៉ាឡេស៊ី បានផ្អាកតាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដោយនៅមិនទាន់កំណត់ថ្ងៃវិលត្រលប់មកវិញនៅឡើយ ខណៈមានការពិភាក្សាថា អាចត្រលប់មកវិញកាលបរិច្ឆេទ ៣ផ្សេងពីគ្នា រវាង ថ្ងៃទី០១ ខែឧសភា, ថ្ងៃទី០១ ខែមិថុនា ឬក៏ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕

 

ប្រភព៖ news straits times

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់