ស្ថិតនៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ដូចគ្នា តែគ្រូឥណ្ឌូនេស៊ី ថាវៀតណាម ជាបេក្ខភាពឈ្នះមេដាយមាសកីឡាបាល់ទាត់ ខ្លាំងជាងគេ

មាស សុផាណារ៉ុង December 6, 2019


 

ម៉ានីល៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ឆ្នាំ លោក Indra Sjafri ដែលបាននឹងកំពុងដឹកនាំក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស នោះបាន ចាត់ទុក វៀតណាម ជាបេក្ខភាពឈ្នះមេដាយមាសកីឡាបាល់ទាត់ ខ្លាំងជាងគេ។

ថ្លែងបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង ក្រុមរបស់លោក ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ឆ្នាំ ដែលនឹងត្រូវជួប ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចគ្នា។

លោក Indra Sjafri

គ្រូបង្វឹកវ័យ ៥៦ឆ្នាំរបស់ U-22 ឥណ្ឌូនេស៊ី បានលើកឡើងថា៖ «ចំពោះក្រុមទាំង ៤នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្ញុំឃើញថា U-22 វៀតណាម គឺជាបេក្ខភាពមានសង្ឃឹមឈ្នះមេដាយមាស ខ្លាំងជាងគេ។»

យ៉ាងណាមិញ គ្រូ U-22 មីយ៉ាន់ម៉ា លោក Velizar Emilov Popov ក៏បានមានយោបល់ផងដែរថា៖ «យើង និងក្រុមទាំង ៣នៅទីនេះ សក្ដិសមនឹងទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ U22 ឥណ្ឌូណេស៊ី គឺជាគូប្រជែងខ្លាំង ប៉ុន្តែខ្ញុំជឿជាក់ថាកូនក្រុមរបស់ខ្ញុំ អាចលេងជាមួយបាន ក្នុងកម្រិតខ្ពស់នៅក្នុងការប្រកួតបន្ទាប់នេះ។»

លោក Velizar Emilov Popov

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នាវេលាម៉ោង ៤ល្ងាច ហើយក្រុមដែលឈ្នះ នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រមុនគេ រង់ចាំការឈ្នះ រវាង កម្ពុជា និងវៀតណាម៕

 

ប្រភព៖ zing.vn

រូបភាព៖ zing.vn | Myanmar Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់