ម្ចាស់ក្លឹប Ceres Negros របស់ហ្វីលីពីន ផ្ដល់រថយន្តក្រុង ១៧គ្រឿងដើម្បីជម្រើសជាតិទាំង ១៧ក្នុង SEA Games

មាស សុផាណារ៉ុង November 26, 2019


 

ម៉ានីល៖ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ ( SEA Games 2019 ) ដែលហ្វីលីពីន ធ្វើម្ចាស់ផ្ទះ បន្ទាប់ពីមានរបាយការណ៍ជាច្រើននៃការគ្រប់គ្រងមិនត្រឹមត្រូវ។

ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនឹងលក្ខខណ្ឌនៃរថយន្ដក្រុងដែលបានផ្តល់ឲ្យពួកគេ ខណៈ ទីម័រខាងកើត បានរង់ចាំនៅព្រលានយន្តហោះអស់ជាច្រើនម៉ោង ហើយបន្ទាប់មកត្រូវបាននាំទៅសណ្ឋាគារខុសថែមទៀតផង បន្ទាប់ពីនោះគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហ្វីលីពីន ( PHISGOC ) បានសុំអភ័យទោសដល់អ្នកដែលរងផលប៉ះពាល់ដោយការគ្រប់គ្រងមិនត្រឹមត្រូវនេះ។

យ៉ាងណាមិញ សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា រថយន្តក្រុងថ្មី និងកាន់តែមានផាសុកភាពឥឡូវនេះត្រូវបានរៀបចំជូនសម្រាប់ក្រុមបាល់ទាត់ ទាំង១៧ ( ទាំងនារី និងបុរស ) ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើប្រភេទកីឡាបាល់ទាត់ ឆ្នាំ២០១៩ នេះ។ នេះបើយោងតាម លោក Cedelf P. Tupas ដែលបម្រើការឲ្យកាសែតហ្វីលីពីន ( Daily Inquirer ) បានឱ្យដឹងថា លោក Leo Rey Yanson ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Valla​car Transit និងជាម្ចាស់ក្លឹបបាល់ទាត់ Ceres Negros FC ផងនោះ បានជួយសហព័ន្ធបាល់ទាត់ហ្វីលីពីនជាមួយនឹងឡានក្រុងទាំងនេះ។

ជាមួយនឹងពិធីបើកដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា អ្នករៀបចំកម្មវិធី សង្ឃឹមថានេះគឺជាដំណឹងដំបូងនៃដំណឹងល្អៗជាច្រើនទៀតដែលនឹងមកដល់បន្ទាប់ពីមានបញ្ហាជាហូរហែររួចមក៕

 

ប្រភព៖ foxsportsasia.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់