AFF Awards 2019៖ ភាគច្រើនប្រមូលដោយកីឡាករ និងគ្រូមកពីវៀតណាម និងថៃ

មាស សុផាណារ៉ុង November 9, 2019


 

ហាណូយ៖ កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ( AFF Awards ) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( AFF ) និងធ្វើឡើងនៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ នេះ បានបញ្ចប់ដោយជោគជ័យកាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយភាគច្រើនពានរង្វាន់គឺត្រូវបានប្រមូលដោយ កីឡាករ និងគ្រូមកពីវៀតណាម និងមកពីថៃ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅឆ្នាំ២០១៩ កីឡាករ និងគ្រូមកពីប្រទេសវៀតណាម បានទទួលបានរង្វាន់ច្រើនជាងគេ ក្នុងចំណោមរង្វាន់ទាំង ១១ដែលត្រូវបានដាក់ក្នុងរបៀបវារៈដែលត្រូវបានផ្ដល់ឲ្យនូវរង្វាន់ ជាក់ស្ដែងរង្វាន់ធំៗសំខាន់ៗ កីឡាករឆ្នើម គឺបានទៅកីឡាករ Nguyen Quang Hai ដែលសមាជិកនៃក្រុមជម្រើសជាតិវៀតណាម ស្របពេលដែលគ្រូបង្វឹកឆ្នើមគឺបានទៅ លោក Park Hang Seo ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម។

យ៉ាងណាមិញងាកមករង្វាន់កីឡាការិនីឆ្នើម កីឡាការិនី Pitsamai Sornsai របស់ថៃ បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១៩ ខណៈលោកស្រី Nuengrutai Srathongvian ដែលបានដឹកនាំជម្រើសជាតិនារីថៃ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIFA Women’s FIFA ឆ្នាំ២០១៩ ហើយបច្ចុប្បន្នបានចូលកាន់តំណែងជាគ្រូបង្វឹកនារី ដឹកនាំក្រុមនៅលីគកំពូលថៃ ( Thai League 1 ) ជាមួយក្លឹប Ratchaburi Mitr Phol FC នៅរដូវកាលក្រោយ ត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកនារីឆ្នើមប្រចាំឆ្នាំ។

កីឡាករល្អវ័យក្មេងប្រចាំឆ្នាំវិញ គឺបានទៅ កីឡាករ Suphanat Mueanta ខ្សែប្រយុទ្ធក្រុម Buriram United បន្ទាប់ពីបានក្លាយជាកីឡាករក្មេងជាងគេ ក្នុងការរកគ្រាប់បាល់អោយថៃ និងក៏ជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រនៃពានសម្រាប់ក្លឹបបាល់ទាត់កំពូលប្រចាំទ្វីបអាស៊ី ( AFC Champions League )។ ថ្មីៗនេះ យុវជនរូបនេះ ក៏រកបាន ៩គ្រាប់ក្នុងចំណោម ២ប្រកួតនៃវគ្គជម្រុះជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ មុនឡើងមកទទួលពាននេះ។

ក្រុមជម្រើសជាតិវៀតណាម ត្រូវបានជ្រើសរើសជាក្រុមជម្រើសជាតិល្អជាងគេប្រចាំឆ្នាំ របស់ AFF ខណៈពេលដែលថៃ ត្រូវបានជ្រើសរើសជាក្រុមជម្រើសជាតិនារី ល្អជាងគេប្រចាំឆ្នាំរបស់ AFF ដូចគ្នា  ស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានឈ្នះពានរង្វាន់សម្រាប់សហព័ន្ធដែលល្អប្រចាំឆ្នាំ។

រង្វាន់ទាំងស្រុងមានដូចជា៖

  • ជំនួយការអាជ្ញាកណ្ដាល ប្រចាំឆ្នាំ (បាល់ទាត់បុរស): លោក Ronnie Koh Min Kiat (មកពីសិង្ហបុរី)
  • ជំនួយការអាជ្ញាកណ្ដាល ប្រចាំឆ្នាំ (បាល់ទាត់នារី): លោកស្រី SupawanHinthong (ថៃ)
  • អាជ្ញាកណ្ដាល ប្រចាំឆ្នាំ (បាល់ទាត់បុរស): លោក Sivakorn Pu-Udom (ថៃ)
  • អាជ្ញាកណ្ដាល ប្រចាំឆ្នាំ (បាល់ទាត់នារី): លោកស្រី Katherine Margaret Jacewicz (អូស្ត្រាលី)
  • កីឡាករក្មេងល្អប្រចាំឆ្នាំ: Suphanat Mueanta (ថៃ)
  • ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាល ល្អប្រចាំឆ្នាំ: ជម្រើសជាតិបាល់ទាត់ក្នុងសាលថៃ
  • កីឡាករបាល់ទាត់ក្នុងសាលល្អប្រចាំឆ្នាំ: Tran Van Vu (វៀតណាម)
  • សមាជិកសហព័ន្ធដែលល្អប្រចាំឆ្នាំ: សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI)
  • ក្រុមបាល់ទាត់ជម្រើសជាតិល្អជាងគេប្រចាំឆ្នាំ (បុរស): វៀតណាម
  • ក្រុមបាល់ទាត់ជម្រើសជាតិល្អជាងគេប្រចាំឆ្នាំ (នារី): ថៃ
  • គ្រាប់បាល់ល្អជាងគេក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018: កីឡាករ Muhammad Syahmi Safari (ម៉ាឡេស៊ី)
  • គ្រូបង្វឹកល្អប្រចាំឆ្នាំ (បាល់ទាត់បុរស): Park Hang Seo (ជម្រើសជាតិវៀតណាម)
  • គ្រូបង្វឹកល្អប្រចាំឆ្នាំ (បាល់ទាត់នារី): Nuengrutai Srathongvian (ជម្រើសជាតិនារីថៃ)
  • កីឡាករល្អប្រចាំឆ្នាំ (បាល់ទាត់បុរស): Nguyen Quang Hai (វៀតណាម)
  • កីឡាការិនីល្អប្រចាំឆ្នាំ (បាល់ទាត់នារី): Pitsamai Sornsai (ថៃ)

ជាមួយគ្នាផងដែរ ក៏មានការជ្រើសរើសកីឡាករ ១១នាក់ដំបូងប្រចាំតំបន់ផងដែរ ដែលមានដូចខាងក្រោម៖

អ្នកចាំទី: Dang Van Lam (វៀតណាម)

ខ្សែការពារ: Muhammad Syahmi Safari (ម៉ាឡេស៊ី), Que Ngoc Hai (វៀតណាម), Muhammad Safuwan Baharudin (សិង្ហបុរី), Korrakot Wiriyaudomsiri (ថៃ)

ខ្សែបម្រើ: Stephan Schrock (ហ្វីលីពីន), Mohamed Syamer Kutty (ម៉ាឡេស៊ី), Sanrawat Dechmitr (ថៃ), Riko Simanjuntak (ឥណ្ឌូនេស៊ី)

ខ្សែប្រយុទ្ធ: Norshahrul Idlan Talaha (ម៉ាឡេស៊ី), Nguyen Quang Hai (វៀតណាម)

សូមបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលកម្មវិធីប្រគល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ( AFF Awards ) ត្រូវបានប្រារព្ធធ្វើឡើង ពោលគឺលើកដំបូង ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៣, មីយ៉ាន់ម៉ា ឆ្នាំ២០១៥ និងឥណ្ឌូនេស៊ី នៅឆ្នាំ២០១៧។

កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ( AFF Awards ) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធ្វើឡើងនៅរៀងរាល់ ២ឆ្នាំម្ដង ដើម្បីទទួលស្គាល់ និងអបអរសាទរសមិទ្ធផលរបស់កីឡាករ និងមន្ត្រីមកពីសមាគមសមាជិកទាំង ១២ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍៕

 

រូបភាព៖ Liên đoàn Bóng đá Việt Nam – VFF | Next Sports | FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់