Chaingrai United ឈ្នះពានលីគកំពូលថៃ បង្អាក់ដំណើរឈ្នះពាន ៣ឆ្នាំជាប់ៗគ្នាជាលើកទី២ របស់ Buriram បានសម្រេច

មាស សុផាណារ៉ុង October 26, 2019


 

ថៃ៖ ក្លឹបបាល់ទាត់ Chaingrai United បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលថៃជាផ្លូវការហើយ បន្ទាប់ពីរកបានពិន្ទុដ៏មានសារៈសំខាន់ក្នុងជំនួបថ្ងៃបិទរដូវកាល គ្រាដែលគូប្រជែងតែមួយគត់ Buriram United បានត្រឹមស្មើ។

យោងតាមតារាងចំណាត់ថ្នាក់លីគកំពូលថៃ Buriram United បាននាំមុខ Chaingrai United ២ពិន្ទុ នៅសប្ដាហ៍ទី២៩ ខណៈសប្ដាហ៍ចុងក្រោយ ( ៣០ ) Chaingrai United ដែលត្រូវប្រកួតជាមួយ Suphanburi នោះបានយកឈ្នះដោយលទ្ធផល ២ទល់៥ ស្របពេលដែល Buriram united បានត្រឹមស្មើជាមួយក្រុមដែលត្រូវកាត់ចោល Chaingmai FC ១ទល់១។

ដូច្នេះធ្វើឲ្យពិន្ទុ របស់ក្រុមទាំងពីរស្មើគ្នា ៥៨ ប៉ុន្តែចាញ់ត្រង់រូបមន្តជំនួបជួបគ្នារវាងក្រុមទាំងពីរ Chaingrai United ធ្វើបានល្អជាង នាំឲ្យក្លាយជាម្ចាស់ពានលីគកំពូលថៃ ( Thai League ) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប រយៈពេល១០ឆ្នាំគត់ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៩។

ក្រៅតែពីឈ្នះជាលើកដំបូងហើយ Chaingrai United បានបង្អាក់ដំណើរឈ្នះពាន ៣ឆ្នាំជាប់ៗគ្នាជាលើកទី២ របស់ Buriram បានសម្រេចគ្រាដែលក្រុមនេះចង់ធ្វើបានដូចកាលពីឆ្នាំ ២០១៣, ២០១៤ និង ២០១៥៕

 

រូបភាព៖ Thai League

អត្ថបទ៖ ណារ៉ុង

មតិយោបល់