ឥណ្ឌូនេស៊ី ទទួលបានសិទ្ធិរៀបចំបាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ

មាស សុផាណារ៉ុង October 24, 2019


 

សៀងហៃ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA ) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានធ្វើការប្រកាសម្ចាស់ផ្ទះបាល់ទាត់ពិភពលោក អាយុក្រោម២០ឆ្នាំ ( FIFA U-20 World Cup 2021 ) សម្រាប់ឆ្នាំ២០២១ ជាផ្លូវការហើយ គឺបានទៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី បន្ទាប់ពីយកឈ្នះ​ប្រេស៊ីល និងប៉េរូ។

ឥណ្ឌូនេស៊ី បានស្ថិតលើផ្លូវប្រជែង ជាមួយ ប្រទេសចំនួន៧ នឹងមានបេក្ខភាព៥ ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ក្នុងនោះរួមមាន សហព័ន្ធកីឡាបាល់ទាត់បារ៉ែន សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត និងសហព័ន្ធកីឡាបាល់ទាត់អារ៉ាបរួម ( ដេញថ្លៃរួមគ្នា ) ក្រោយមកដកខ្លួន, សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល, សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា និងសហព័ន្ធកីឡាបាល់ទាត់ថៃ ( ដេញថ្លៃរួមគ្នា ) ក្រោយមកដកខ្លួនដូចគ្នា និងសហព័ន្ធកីឡាបាល់ទាត់ប៉េរូ ចុងក្រោយក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សាបាល់ទាត់ពិភពលោក ( FIFA ) នៅទីក្រុងសៀងហៃ។

តាមគម្រោងបន្ទាប់ពីទទួលបានសិទ្ធិ ការរៀបចំការប្រកួតគឹគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយនឹងមាន ២៦ប្រទេសចូលរួម ពីគ្រប់ទ្វីបទាំង ៦ជុំវិញពិភពលោក។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម២០ឆ្នាំ ( FIFA U-20 World Cup ) គឺធ្វើឡើងនៅរៀងរាល់ ២ឆ្នាំម្ដង ខណៈប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ មីយ៉ាន់ម៉ា ធ្លាប់មានមុខប្រកួតក្នុងព្រឹត្តិការណ៍នេះម្ដង កាលពីឆ្នាំ២០១៥ ផងដែរ៕

 

ប្រភព និងរូបភាព៖ FIFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់