Hanoi FC ខកខានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន AFC Cup ក្រោយចាញ់ក្រុមកូរ៉េខាងជើង ដោយរូបមន្តគ្រាប់បាល់ក្រៅដី

មាស សុផាណារ៉ុង October 2, 2019


 

កូរ៉េខាងជើង៖ ក្រុមរួមពូលជាមួយ ក្លឹបបាល់ទាត់តំណាងកម្ពុជា ណាហ្គាវើលដ៍ ក្នុងឆ្នាំ២០១៩ លើពានរង្វាន់អន្តរជាតិកម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) ក្រុមមកពីវៀតណាម Hanoi FC បានជ្រុះចេញពីពានរង្វាន់នេះជាផ្លូវការហើយបន្ទាប់ពីបានប្រកួតស្មើជាមួយ ក្រុមរបស់កូរ៉េខាងជើង 4.25 SC ទាំងពីរជើង និងចាញ់ដោយរូបមន្តគ្រាប់បាល់ក្រៅដី។

ការប្រកួតរវាង Hanoi FC ជាមួយ ក្រុមរបស់កូរ៉េខាងជើង 4.25 SC កាលពីជើងទី១ នៅទឹកដីនៃប្រទេសវៀតណាម គឺបញ្ចប់ទៅដោយស្មើគ្នា ២ទល់២ ហើយឈានចូលដល់ជើងទី២ នេះទៀត ក្រុមទាំងពីរ នៅតែបន្តប្រកួតស្មើគ្នា ០ទល់០ ដែលនាំឲ្យត្រូវគិតលើរូបមន្តគ្រាប់បាល់ក្រៅដី  ក្រុមរបស់កូរ៉េខាងជើង 4.25 SC មានប្រៀបដោយបានទាត់ចូលនៅលើទឹកដីរបស់ Hanoi ២គ្រាប់ ខណៈមកដីរបស់ខ្លួន ក្រុម Hanoi មិនអាចរកគ្រាប់បានសូម្បីតែមួយគ្រាប់។

ដូច្នេះ ក្រុមរបស់កូរ៉េខាងជើង 4.25 SC នឹងទទួលបានកៅអីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រចុងក្រោយ ដោយត្រូវជួបជាមួយ Al Ahed របស់លីបង់ នៅដើមខែវិច្ឆិកា ខាងមុខនេះ។ ដោយឡែក Hanoi FC អស់ឱកាសត្រឹមនេះ នឹងមិនមានការប្រកួតយកលេខ៣ ឡើយ។

ចាំបានថា Hanoi FC នៅក្នុងពូល F ជាមួយណាហ្គាវើលដ៍ បានក្លាយជាក្រុមកំពូលតារាងប្រចាំពូល ក្នុងនោះប្រកួត ៦ដង ឈ្នះ៤ ស្មើ១ និងចាញ់១ ក្នុងចំណោម ៤ប្រកួតឈ្នះ ២ប្រកួតគឺយកឈ្នះណាហ្គវើលដ៍ ជើងទី១ ១០ទល់០ និងជើងទី២ បន្តឈ្នះ ៥ទល់១៕

 

រូបភាព៖ AFC Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់