ស្ថានទូតថៃ ប្រចាំប្រទេសឥណ្ឌូនេស៊ី ត្រៀមវិធីជម្លៀសអ្នកគាំទ្រ ដើម្បីបង្ការបញ្ហាដូចអ្នកគាំទ្រម៉ាឡេស៊ី

មាស សុផាណារ៉ុង September 10, 2019


 

ឥណ្ឌូនេស៊ី៖ ស្ថាន​ទូត​ថៃ ប្រចាំ​ប្រទេសឥណ្ឌូនេស៊ី បានត្រៀមវិធីជម្លៀសអ្នកគាំទ្រ ដែលឡើងមកគាំទ្រក្រុមដំរីសឹកថៃ ប្រកួតក្នុងជំនួបទី២ ប្រចាំពូល G ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដើម្បីបង្ការបញ្ហាមិនប្រក្រតីណាមួយដែលកើតឡើងជាយថាហេតុ ដូចអ្នកគាំទ្រម៉ាឡេស៊ី។

លោក Songphol Sukchan បាននិយាយថាស្ថានទូតថៃប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានត្រៀមរថយន្តសម្រាប់អ្នកគាំទ្រចាកចេញពីពហុកីឡដ្ឋានដោយសុវត្ថិភាព ប្រសិនបើស្ថានភាពសន្តិសុខនៅក្នុងការប្រកួតដដែលនេះមិនមានភាពប្រសើរឡើង។

ដោយទាញយកមេរៀនដែលទទួលបានពីការប្រកួតរវាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នាថ្ងៃទី០៥ ខែកញ្ញា ឯកអគ្គរដ្ឋទូតថៃប្រចាំនៅឥណ្ឌូនេស៊ី លោក Songphol Sukchan បានបញ្ជាក់ថាលោកបានចាត់វិធានការដើម្បីធានាសន្តិសុខដល់កីឡាករ ក៏ដូចជាអ្នកគាំទ្រ ដែលចូលរួមការប្រកួតនៅកីឡដ្ឋាន Gelora Bung Karno។

Fox Sports Thailand បានដកស្រង់សម្តីរបស់លោក Songphol ថា៖ «យើងបានសរសេរទៅរដ្ឋមន្រ្តីកីឡាឥណ្ឌូណេស៊ី លោក Imam Nahrawi ដើម្បីស្នើសុំឱ្យអ្នករៀបចំកម្មវិធីធានានូវសុវត្ថិភាពរបស់កីឡាករ និងអ្នកគាំទ្រថៃ។ លើសពីនេះលោកក៏បានអះអាងពីផែនការជួយអ្នកគាំទ្រឱ្យ «រត់គេចខ្លួន» ក្នុងករណីដែលស្ថានភាពមិនប្រសើរឡើង។ ស្ថានទូតថៃ នឹងរៀបចំរថយន្តឯកជនសម្រាប់អ្នកគាំទ្រថៃ។ ក្នុងករណីមិនប្រក្រតី អ្នកគាំទ្រ នឹងត្រូវបានជួយក្នុងការចូល និងចេញពីពហុកីឡដ្ឋានផងដែរ។»

ឯកអគ្គរដ្ឋទូតថៃរូបនេះបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថាឥណ្ឌូនេស៊ី បានរៀនមេរៀនពីការប្រកួតជាមួយម៉ាឡេស៊ី។ សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី ត្រូវតែមានការទទួលខុសត្រូវខ្ពស់បំផុត និងមានវិធានការសុវត្ថិភាព។ ពួកគេត្រូវតែគោរពយ៉ាងតឹងរឹងនូវច្បាប់សន្តិសុខដែលបានកំណត់ប្រសិនបើមិនចង់ទទួលបានការពិន័យពី FIFA។»

សូមបញ្ជាក់ថា នៅក្នុងពូល G នេះបច្ចុប្បន្ន ឥណ្ឌូណេស៊ី ស្ថិតនៅបាតតារាងបន្ទាប់ពីចាញ់ម៉ាឡេស៊ី ២ទល់៣ ក្នុងការប្រកួតដំបូង។ ដូច្នេះឥណ្ឌូនេស៊ី ប្តេជ្ញាចិត្តថានឹងទទួលបានជ័យជម្នះលើកដំបូងនៅក្នុងក្រុមថៃ។ ការប្រកួតរវាងឥណ្ឌូណេស៊ី និងថៃ នឹងធ្វើឡើងនៅម៉ោង ១៩:៣០ នាទីនៅកីឡដ្ឋាន Gelora Bung Karno Stadium។ មួយប្រកួតក្នុងពូលនេះ គឺ ម៉ាឡេស៊ី ត្រូវទទួលអារ៉ាប់រួម ផងដែរ៕

 

ប្រភព៖ FA Thailand

រូបភាព៖ thestar

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់