សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ដាក់ពាក្យប្ដឹង FIFA ជុំវិញឥរិយាបទឈ្លានពានអ្នកគាំទ្រឥណ្ឌូនេស៊ី

មាស សុផាណារ៉ុង September 6, 2019


 

ឥណ្ឌូនេស៊ី៖ សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ( FAM ) បានប្រកាសថានឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជុំវិញឥរិយាបទឈ្លានពានរបស់អ្នកគាំទ្រឥណ្ឌូនេស៊ី ចំពោះអ្នកគាំទ្រម៉ាឡេស៊ី ក្នុងអំឡុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) វគ្គជម្រុះជុំទី២ នៅទីក្រុងហ្សាការតា កាលពីយប់មិញ។

រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា របស់ម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើគណនី Instagram របស់ខ្លួន ក៏បានប្រកាសផងដែរថាលោកនឹងធ្វើរបាយការណ៍ជាផ្លូវការទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងសមភាគីរបស់លោកគឺ រដ្ឋមន្រ្តីយុវជន និងកីឡា ឥណ្ឌូណេស៊ី លោក Imam Nahrawi ស្តីពីឧប្បត្តិហេតុនេះ។

លោក Syed Saddiq Syed Abdul Rahman ក៏មានវត្តមាចូលរួមជាមួយក្រុមអ្នកគាំទ្រម៉ាឡេស៊ី ក្នុងការគាំទ្រក្រុមជម្រើសជាតិដែលតាមពីក្រោយពីការនាំមុខរបស់ឥណ្ឌូនេស៊ី រហូតដលផ្តួលឥណ្ឌូណេស៊ីបានសម្រេចវិញ ក្នុងលទ្ធផល ២ទល់៣។

លោករដ្ឋមន្ត្រីវ័យក្មេងរូបនេះបានលើកឡើងថា៖ «ខ្ញុំនៅជាមួយអ្នកគាំទ្រ Harimau Malaya មើលការប្រកួតជម្រុះ World Cup នៅឯកីឡដ្ឋាន Gelora Bung Karno Stadium។ វត្ថុដែក ដប និងអណ្តាតភ្លើង ត្រូវបានគេគប់មកលើយើងជាច្រើនដង។ ក្នុងនោះក៏មានអ្នកគាំទ្រឥណ្ឌូណេស៊ីមួយចំនួនបានព្យាយាមវាយបំបែកតំបន់អ្នកគាំទ្រ និងការប្រកួតរបស់ម៉ាឡេស៊ី។ ក្រុមក្មេងទំនើងនឹងមិនត្រូវបានអត់ឱនឱ្យឡើយ។ សុវត្ថិភាពរបស់កីឡាករ និងអ្នកគាំទ្រម៉ាឡេស៊ីគឺជាអាទិភាពរបស់ខ្ញុំ»។

នៅក្នុងការប្រកួតកីឡាករចូលសញ្ជាតិម៉ាឡេស៊ី Mohamadou Sumareh បានក្លាយជាវីរៈបុរសរបស់ក្រុមជម្រើសជាតិ នៅពេលដែលរូបគេរកបានគ្រាប់បាល់ឈ្នះនៅក្នុងម៉ោងបន្ថែម ( ៩០+ ៧ ) ជួយឲ្យរកបាននូវ ៣ពិន្ទុ ដ៏មានតម្លៃសម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី ។

សូមបញ្ជាក់ជាថ្មីថា អំឡុង​ការ​ប្រកួត​មាន​ការ​ផ្ទះ​ហិង្សា​ដាក់​គ្នា​រវាង​អ្នក​គាំទ្រ​ប្រទេស​ទាំង​ពីរ​ មាន​ទាំង​ការ​វាយ​តប់​ និង​គប់​ដុំ​ថ្ម​ដាក់​គ្នា​ និង​ឈាន​ដល់​​ការ​បង្ក្រាប​ពី​កងកម្លាំង​សន្តិសុខ​ រហូត​មាន​ការ​យក​រថពាសដែក​ដឹក​កីឡាករ​ម៉ាឡេស៊ី​ ពីកីឡដ្ឋានទៅកាន់សណ្ឋាគារផងដែរ ដើម្បីការពារសុវត្ថិភាព៕

 

ប្រភព៖ nst.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់