Hanoi FC បានកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន AFC Cup វគ្គជម្រុះឆ្លងតំបន់

មាស សុផាណារ៉ុង August 28, 2019


 

វៀតណាម៖ ក្រុមរួមពូលជាមួយ ក្លឹបបាល់ទាត់ដំណាងកម្ពុជា ណាហ្គាវើលដ៍ ក្នុងឆ្នាំ២០១៩ លើពានរង្វាន់អន្តរជាតិកម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) ក្រុមមកពីវៀតណាម Hanoi FC បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះ សម្រាប់វគ្គជម្រុះឆ្លងតំបន់។

ក្រុមកំពូលតារាងប្រចាំពូល F ជាមួយណាហ្គាវើលដ៍ អាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺបន្ទាប់ពីបានយកឈ្នះក្រុមរបស់ហ្វីលីពីន Ceres Negros ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយនឹងលទ្ធផលសរុបទាំង ២ជើង ៣ទល់២ ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ឈ្នះក្រុមរួមប្រទេស Becamex Binh Duong លទ្ធផលសរុបទាំង ២ជើង ២ទល់០ ហើយបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្លងតំបន់ ( Inter-zone play-off semi-final ) ឈ្នះក្រុមរបស់តួរមីនីស្ថាន Altyn Asyr ក្នុងលទ្ធផលសរុបទាំង ២ជើង ៥ទល់៤។

Hanoi FC នៅសល់ពាក់កណ្ដាលផ្លូវទៀតដើម្បីអាចឡើងទៅវគ្គចុងក្រោយមួយទៀត ដោយត្រូវអង្គុយរង់ចាំការឈ្នះ រវាង Abahani Limited Dhaka របស់បង់ក្លាដេស និង April 25 Sports Club របស់កូរ៉េខាងជើង។ ក្រុមដែលឈ្នះ នឹងឡើងទៅជួប Hanoi FC ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រចាំអន្តរតំបន់ ដើម្បីដណ្ដើមកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចុងក្រោយ ដែលត្រូវប៉ះក្រុមមកពីអាស៊ីខាងលិច ខណៈមកទល់ពេលនេះ ក្រុម Al-Jazeera Club របស់ហ៊្សកដានី និង Al Ahed របស់លីបង់ ដែលកំពុងត្រៀមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងលិច។

ចាំបានថា Hanoi FC នៅក្នុងពូល F ជាមួយណាហ្គាវើលដ៍ បានក្លាយជាក្រុមកំពូលតារាងប្រចាំពូល ក្នុងនោះប្រកួត ៦ដង ឈ្នះ៤ ស្មើ១ និងចាញ់១ ក្នុងចំណោម ៤ប្រកួតឈ្នះ ២ប្រកួតគឺយកឈ្នះណាហ្គវើលដ៍ ជើងទី១ ១០ទល់០ និងជើងទី២ បន្តឈ្នះ ៥ទល់១។

ឈរជាក្រុមកំពូលតារាងប្រចាំពូល Hanoi FC ក៏រួមជាមួយក្រុមលេខ១ ប្រចាំពូល ៣ផ្សេងទៀត រួមមាន Ceres Negros ( ហ្វីលីពីន ) PSM Makassar ( ឥណ្ឌូនេស៊ី ) និង Becamex Binh Duong របស់វៀតណាម ជាក្រុមលេខ២ ល្អមានពិន្ទុខ្ពស់ជាងគេបើធៀបទៅនឹង ៣ពូលផ្សេងទៀត៕

 

រូបភាព៖ AFC Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់