ថៃ ស្នើសុំប្រើ VAR ពេលជម្រុះ World Cup ជាមួយវៀតណាម តែសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបដិសេធ

មាស សុផាណារ៉ុង August 16, 2019


 

ថៃ៖ ម្ចាស់ផ្ទះថៃ បានស្នើសុំសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) ក្នុងការប្រើប្រាស់ប្រព័ន្ធជំនួយការអាជ្ញាកណ្ដាល ( VAR ) ក្នុងការប្រកួតជាមួយវៀតណាម ក្នុងព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក ( FIFA World Cup 2022 ) ប៉ុន្តែត្រូវបានបដិសេធ។

នៅមុនការប្រកួតបើកឆាកវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ថៃដែលត្រូវធ្វើម្ចាស់ផ្ទះជំនួបបើកឆាក បានដាក់ពាក្យស្នើសុំទៅ AFC ដើម្បីសុំប្រើប្រាស់ VAR នេះ។

ប្រព័ន្ធវីដេអូជំនួយជំនួយអាជ្ញាកណ្ដាលនេះ ( VAR ) ត្រូវបានប្រើនៅក្នុងលីគកំពូលថៃ ( Thai League ) ដោយជោគជ័យ តាំងពីឆ្នាំ២០១៨ ដោយហេតុនេះសហព័ន្ធកីឡាបាល់ទាត់ថៃ ( FAT ) ជឿជាក់ថាវានឹងមានប្រយោជន៍ក្នុងការយកមកប្រើប្រាស់ ពេលប្រកួតជាមួយវៀតណាម។

ទោះបីជាយ៉ាងណាការស្នើសុំនេះត្រូវបានបដិសេធ។ អគ្គលេខាធិការ FAT បាននិយាយថា៖ «FAT បានស្នើសុំឱ្យ AFC ប្រើ VAR ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក នៅពេលដែលបច្ចេកវិទ្យារបស់យើងបានត្រៀមរួចរាល់។ ទោះជាយ៉ាងណា AFC បានពន្យល់ថា ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងចាប់ផ្តើមក្នុងពេលតែមួយ លើពហុកីឡដ្ឋានជាង១០ និងដែលមានទម្រង់លេងបែបវិលជុំ ការប្រកួតនីមួយៗត្រូវការអាជ្ញាកណ្តាល ៣ ឬ ៤ នាក់ នៅក្នុងបន្ទប់ VAR ដែលត្រូវបង្កើនចំនួនអាជ្ញាកណ្តាលយ៉ាងច្រើន។»

អគ្គលេខាធិការដដែលរូបនេះ បានបន្តថា៖ «ក្រៅពីនេះ ប្រទេសនីមួយៗមានការប្រើប្រាស់ VAR ខុសៗគ្នា ដោយពិចារណាលើគុណភាព លក្ខខណ្ឌបច្ចេកទេស ដូច្នេះវានឹងមិនសមស្របក្នុងការធ្វើវានៅប្រទេសមួយចំនួននោះទេ។»

ប៉ុន្តែទោះបីសហព័ន្ធកីឡាបាល់ទាត់អាស៊ី បដិសេធមិនឲ្យប្រើ VAR ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក សហព័ន្ធដដែលនេះក៏បានយល់ព្រមឲ្យថៃ ប្រើប្រាស់បច្ចេកវិទ្យានេះ នៅក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ( AFC U-23 Championship 2020 ) ព្រោះថា VAR នឹងត្រូវប្រើនៅកន្លែងតែមួយ និងងាយស្រួលជាង។ គួររដឹងផងដែរថា VAR ត្រូវបានអនុវត្តជាលើកដំបូងនៅអាស៊ី ក្នុងវគ្គ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ជើងឯកអាស៊ី ( AFC Asian Cup 2019 ) រវាងវៀតណាម និងជប៉ុន។

ដោយឡែកសម្រាប់ប្រកួតបើកឆាកវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នឹងចាប់ផ្ដើមយុទ្ធនាការដំបូងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមាន ១៦ប្រកួត ជាមួយនឹងប្រទេសចំនួន ៤០ចូលរួមប្រកួត ពីពូលចំនួន ៨៕

 

ប្រភព៖ en.thethao247.vn

រូបភាព៖ Asain Cup | Siamsports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់