អង់គ្លេសបើកទំព័រប្រើប្រាស់ VAR ក្នុងពាន FA Community Shield រវាង​ Man City និង​ Liverpool

មាស សុផាណារ៉ុង July 31, 2019


 

អង់គ្លេស៖ ប្រព័ន្ធជំនួយអាជ្ញាកណ្ដាល ( VAR ) នឹងត្រូវបានបើកទំព័រក្នុងការប្រើប្រាស់ជាលើកដំបូងក្នុងរដូវកាល២០១៩-២០២០ តាមរយៈការប្រកួតក្នុងពានបើករដូវកាល FA Community Shield រវាង​ Manchester City ជាមួយ Liverpool នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍។

នេះគឺជាការប្រកួតបើករដូវកាល ដោយក្រុម​ជើង​ឯកលីគកំពូល (​ Premier League ) ត្រូវប្រឈមជាមួយជើងឯកពានកម្រិតទី២ ប្រចាំប្រទេស ( FA Cup ) រដូវ​កាល​មុន ប៉ុន្តែដោយសារ Manchester City ឈ្នះទាំង ២កម្មវិធី​ ដូច្នេះ​ក្រុម​ជើង​ឯក​រងលីគ Liverpool ​នឹងត្រូវជំនួសកៅអីនេះ ខណៈ​ពាន​ Community Shield លើក​នេះ​ នឹង​ប្រើ​ប្រាស់ប្រព័ន្ធវីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ ( VAR )។​

ក្រៅតែពីជាការប្រើប្រាស់ VAR លើកដំបូងក្នុងពានខាងលើនេះហើយ វាក៏ជារដូវកាលដំបូងផងដែរ​នៅលីគកំពូលអង់គ្លេស​ ( Premier League ) នឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធនេះ បន្ទាប់ពីលីគនៃប្រទេសជិតខាងប្រើប្រាស់តាំងពីរដូវកាលមុន ចំពេលដែលមានការរិះគន់មួយចំនួនជុំវិញការមិនប្រើប្រាស់ប្រព័ន្ធនេះផងដែរ។ យ៉ាងណាមិញ ប្រព័ន្ធនេះត្រូវបានប្រើកាលពីរដូវកាលមុនម្ដងរួចមកហើយ ខណៈវាក៏ត្រូវបានប្រើ​ប្រាស់នៅ​ពាន League Cup, FA Cup ផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកួតនេះរួច លីគកំពូលអង់គ្លេស នឹងត្រូវលប់មកវិញផងដែរនៅសប្ដាហ៍បន្ទាប់ ពោលគឺចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ តទៅហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕

 

រូបភាព៖ Getty Images | Matt McNulty

ប្រភព៖ espn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់