ម្ចាស់ផ្ទះវៀតណាម ថានឹងលះបង់ចំពោះអ្នកគាំទ្រក្នុងពាន AFF U-18 Championship

មាស សុផាណារ៉ុង July 30, 2019


 

វៀតណាម៖ មុនការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship ) ឆ្នាំ២០១៩ គ្រូបង្វឹកលោក Hoang Hoang Anh Tuan ដែលជាគ្រូរបស់ U-18 វៀតណាម បានបង្ហាញការប្តេជ្ញាចិត្តជាមួយកីឡាករវ័យក្មេងវៀតណាម ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុតសម្រាប់អ្នកគាំទ្រ។

ក្នុងសន្និសីទកាសែតមុនការប្រកួតគ្រូបង្វឹក លោក Hoang Hoang Anh Tuan បាននិយាយថាដំណើរហ្វឹកហាត់ U18 វៀតណាម នៅជប៉ុនទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ រូបលោក និងកូនក្រុម បានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយកពានរង្វាន់ប្រចាំតំបន់មួយនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មាន Zing.vn។

«ការហ្វឹកហាត់រយៈពេល ១១ថ្ងៃនៅប្រទេសជប៉ុន បាននាំមកនូវលទ្ធផលជាវិជ្ជមានសម្រាប់ក្រុម។ ការប្រកួតឆ្នាំនេះត្រូវបានធ្វើឡើងនៅទឹកដីរបស់យើង ដូច្នេះ U18 វៀតណាមណាម បានប្តេជ្ញាចិត្តចូលរួម និងធ្វើឲ្យបានលទ្ធផលខ្ពស់ដើម្បីអ្នកគាំទ្រ»។ លោក Tuan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។

យោងតាមព័ត៌មានពីអ្នករៀបចំកម្មវិធី ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ នេះ គឺបើកឲ្យទស្សនិកជនចូលរួមទស្សនាដោយសេរី លើសពីនេះការប្រកួតនឹងមានការផ្សាយផ្ទាល់ ហើយត្រូវបានចែកចាយការផ្សាយបន្តផ្ទាល់តាមប្រទេសជាច្រើន ក្នុងតំបន់ផងដែរ។

គួររំលឹកផងដែរថា កម្ពុជា ក៏ត្រូវចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2019 នេះផងដែរ ហើយថែមទាំងស្ថិតនៅពូលជាមួយ វៀតណាម ដូចគ្នា ដែលត្រូវទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ខាងមុខ កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, សិង្ហបុរី, អូស្ដ្រាលី និងម្ចាស់ផ្ទះវៀតណាម។ រីឯពូល A មានដូចជាមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត ខណៈព្រឹត្តិការណ៍នេះរាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-18 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស ( HDTV ) ផងដែរ៕

 

ប្រភព៖ news.zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់