គ្រូធំវៀតណាម និងសហព័ន្ធ យល់ព្រមគ្នាផ្លាស់ប្ដូរកម្មវិធីប្រកួតលីគ ដើម្បីទុកពេលឲ្យជម្រើសជាតិហាត់ត្រៀមជួបថៃ

មាស សុផាណារ៉ុង July 25, 2019


 

វៀតណាម៖ បន្ទាប់ពីព័ត៌មានដ៏គួរឱ្យព្រួយបារម្ភថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ( VFF ), គណៈកម្មាការរៀបចំការប្រកួតបាល់ទាត់លីគវៀតណាម ( VPF ) និងគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang-seo បានព្រមព្រៀងផ្លាស់ប្តូរកម្មវិធីប្រកួតមួយចំនួនក្នុងក្របខ័ណ្ឌលីគកំពូល ( V-League 2019 ) ដើម្បីទុកឱកាសឲ្យជម្រើសជាតិ មានពេលត្រៀមក្នុងការរៀបក្រុម សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ទល់នឹង ថៃ។

យោងតាមព័ត៌មានវៀតណាម thethao247 បានបង្ហាញថា ភាគីទាំង៣ ខាងលើបានពិភាក្សាគ្នា និងយល់ព្រមលើការសម្រេចចិត្ត ដោយការប្រកួតសប្ដាហ៍ទី២៣ នៃលីគកំពូលវៀតណាម នឹងត្រូវលើកពេល ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិវៀតណាម មានពេលវេលាបន្ថែមទៀតត្រៀមរៀបចំក្រុម ប្រកួតទល់នឹង ដំរីសឹកថៃ។

បន្ទាប់ពីសប្ដាហ៍ទី២២ នៅថ្ងៃទី២៥ ខែសីហា ក្រុមជម្រើសជាតិវៀតណាមនឹងចាប់កោះហៅ ដែលនាំឲ្យមានការត្រៀមរៀបចំក្រុមរយៈពេល ១០ថ្ងៃ។ នោះមានន័យថាវៀតណាម និងថៃ នឹងមានពេលវេលាត្រៀមប្រហាក់ប្រហែលគ្នាដើម្បីប្រកួតឲ្យអស់ពីចិត្ត។

ការណ៍នេះអាចត្រូវបានចាត់ទុកថា ជាការឆ្លើយតបវិញ បន្ទាប់ពីថ្មីៗនេះ គ្រូបង្វឹកជម្រើសជាតិថៃ ថ្មី លោក Akira Nishino លើកឡើងថា លោកត្រូវការពេលវេលាតែ១០ថ្ងៃប៉ុណ្ណោះ ដើម្បីត្រៀមប្រកួតតទល់ជាមួយ វៀតណាម ខណៈលោកបានស្គាល់ពីកីឡាករថៃមួយចំនួនស្រាប់រួចទៅហើយ។ ជាមួយគ្នាផងដែរ លីគកំពូលថៃ បានធ្វើការរៀបចំកម្មវិធីប្រកួតលីគរបស់ខ្លួនយ៉ាងអំណោយផល ដោយកំណត់ឲ្យមានចន្លោះពេល ១សប្ដាហ៍មុនដើម្បីក្រុមជម្រើសជាតិអាច ប្រមូលផ្ដុំហ្វឹកហាត់មុនដល់ទៅ ១០ថ្ងៃ។

គួរដឹងដែរថា វៀតណាម នឹងត្រូវជួប ថៃ ជាថ្មីម្ដងទៀតក្នុងឆ្នាំ២០១៩ នេះ ដែលកាលពីខែមិថុនា កន្លងទៅបានយកឈ្នះខ្លួនម្ដងរួចមកហើយ ក្នុងពានរង្វាន់ King’s Cup នៅថៃ បន្ទាប់ពីត្រូវចាប់ឆ្នោតរួមពូល G ជាមួយគ្នាអមដោយក្រុមរួមតំបន់ពីរផ្សេងទៀត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈអារ៉ាប់រួម ពីតំបន់អាស៊ីខាងលិច ជាក្រុមតែមួយគត់ដែលចូលរួមពូលជាមួយក្រុមដែលសុទ្ធតែមកពីតំបន់អាស៊ីអាគ្នេយ៍៕

 

ប្រភព៖ thethao247

រូបភាព៖ AFC Asian Cup

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់