គ្រូថ្មីរបស់ជម្រើសជាតិថៃ ថាត្រូវការពេលតែ១០ថ្ងៃដើម្បីប្រកួតជាមួយ វៀតណាម ក្នុង World Cup

មាស សុផាណារ៉ុង July 24, 2019


 

ថៃ៖ គ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិថៃ លោក Akira Nishino បានបង្ហើបសារព័ត៌មានថៃ កាលពីពេលថ្មីៗនេះថា លោកត្រូវការពេលតែ ១០ថ្ងៃប៉ុណ្ណោះ ដើម្បីប្រកួតជាមួយ ជម្រើសជាតិវៀតណាម ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ( 2022 FIFA World Cup qualification-AFC ) ដែលត្រូវបានចាប់ឆ្នោតនៅពូលជាមួយគ្នា។

លោក Akira Nishino មិនបានធ្វើការសន្យាជាលក្ខណៈធំដុំនោះទេ ប៉ុន្តែគ្រូបង្វឹកជនជាតិជប៉ុនរូបនេះ ជឿជាក់ថាថៃ មានកីឡាករដែលមានទេពកោសល្យគ្រប់គ្រាន់ដើម្បីឈានដល់ការប្រកួតបាល់ទាត់ពិភពលោក ( World Cup ) នេះបើយោងតាមការដកស្រង់សម្ដីលោកផ្ទាល់ ពីសារព័ត៌មានថៃ bangkokpost

លោកថា៖ «ខ្ញុំធ្លាប់មានឱកាសដើម្បីអង្កេតកីឡាករជម្រើសជាតិថៃក្នុងពេលកន្លងមក ហើយខ្ញុំគិតថាពួកគេមានសមត្ថភាពដើម្បីឈានដល់ការប្រកួត World Cup ក៏ដូចជាកីឡាអូឡាំពិក។»

បុរសវ័យ ៦៤ឆ្នាំរូបនេះភ្ជាប់បន្ថែមទៀតថា៖ «រឿងទី១ គឺការត្រៀមខ្លួន និងព្យាយាមយកឈ្នះ វៀតណាម ក្នុងការប្រកួតបើកឆាកនៃការប្រកួត ជម្រុះ World Cup របស់យើង។ ខ្ញុំគិតថា ១០ថ្ងៃនឹងគ្រប់គ្រាន់សម្រាប់ការរៀបចំក្រុម ដើម្បីជួបជាមួយវៀតណាម។»

ថៃ នឹងត្រូវជួបវៀតណាម ជាថ្មីម្ដងទៀតក្នុងឆ្នាំ២០១៩ នេះ ដែលកាលពីខែមិថុនា កន្លងទៅបានយកឈ្នះខ្លួនម្ដងរួចមកហើយ ក្នុងពានរង្វាន់ King’s Cup នៅថៃ បន្ទាប់ពីត្រូវចាប់ឆ្នោតរួមពូល G ជាមួយគ្នាអមដោយក្រុមរួមតំបន់ពីរផ្សេងទៀត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈអារ៉ាប់រួម ពីតំបន់អាស៊ីខាងលិច ជាក្រុមតែមួយគត់ដែលចូលរួមពូលជាមួយក្រុមដែលសុទ្ធតែមកពីតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នាផងដែរ លោក Akira Nishino នឹងធ្វើការតែម្នាក់ឯងក្នុងនាមជាគ្រូបរទេសដែលអមដោយគ្រូជំនួយជាជនជាតិថៃសុទ្ធសាធ យ៉ាងណាមិញលោកមិនបង្ហាញកង្វល់ធំឡើយដ្បិតគ្រូជនជាតិថៃសុទ្ធតែមានបទពិសោធន៍ខ្ពស់។

សូមបញ្ជាក់ថា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩  សហព័ន្ធកីឡាបាល់ទាត់ថៃ ( FA Thailand ) បានធ្វើការប្រកាសតែងតាំងគ្រូបង្វឹកជនជាតិជប៉ុន ជាថ្មីម្ដងទៀតជាផ្លូវការ គឺលោក Akira Nishino បន្ទាប់ពីធ្លាប់មានរឿងចម្រូងចម្រាសខ្លះៗ ក្រោយការប្រកាសលើកទី១ កាលពីដើមខែកក្កដា។

ចំពោះការមកកាន់តំណែងនេះ ការងារចម្បងរបស់លោកគឺត្រូវដឹកនាំជម្រើសជាតិថៃ ប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup qualification ) ជុំទី២ ប្រចាំតំបន់អាស៊ី ក៏ដូចជាវគ្គជម្រុះជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup ) ជុំទី២ ដូចគ្នា រួមទាំងការងារមួយទៀត គឺដឹកនាំ U-22 ថៃ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះផងដែរ៕

 

ប្រភព៖ Bangkokpost

រូបភាព៖ FA Thailand | The AFC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់