សហព័ន្ធកីឡាបាល់ទាត់ថៃ ប្រកាសតែងតាំងគ្រូបង្វឹកជម្រើសជាតិជាថ្មីម្ដងទៀត បៀវត្សជិត ១លានដុល្លារក្នុងមួយឆ្នាំ

មាស សុផាណារ៉ុង July 17, 2019


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ ( FA Thailand ) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការប្រកាសតែងតាំងគ្រូបង្វឹកជនជាតិជប៉ុន ជាថ្មីម្ដងទៀតជាផ្លូវការ គឺលោក Akira Nishino  បន្ទាប់ពីធ្លាប់មានរឿងចម្រូងចម្រាសខ្លះៗ ក្រោយការប្រកាសលើកទី១ កាលពីដើមខែកក្កដា។

ការចូលមកកាន់តំណែងរបស់អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុន ដឹកនាំប្រកួតក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ( 2018 FIFA World Cup ) នៅប្រទេសរុស្ស៊ី កាលពីឆ្នាំន្លងទៅនេះផងដែរ គឺត្រូវបានចាត់ទុករូបលោកថា ជាគ្រូបង្វឹកក្នុងតំបន់អាស៊ីដំបូងគេដែលចូលមកដឹកនាំជម្រើសជាតិថៃ។

ប្រភពពីសារព័ត៌មានថៃ បានបង្ហាញទៀតថា សហព័ន្ធរបស់ក្រុមដំរីសឹកថៃ មួយនេះ គឺគ្រោងនឹងធ្វើសន្និសីទសរព័ត៌មានបង្ហាញជាមួយនឹងការចុះហត្ថលេខា នៅប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ និងភ្ជាប់ជាមួយមូលហេតដែលធ្វើពិធីចុះហត្ថលេខានៅប្រទេសជប៉ុនវិញនោះ គឺដោយសារលោកចង់ធ្វើសេចក្ដីប្រកាសថ្លែងការណ៍នៅចំពោះមុខសារព័ត៌មានក្នុងស្រុករបស់លោក ហើយបន្ទាប់មកនឹងធ្វើដំណើរមកប្រទេសថៃតែម្ដង។

ជាមួយគ្នាផងដែរ សហព័ន្ធកីឡាបាល់ទាត់ថៃ ក៏នឹងធ្វើសន្និសីទសារព័ត៌មាននៅក្នុងប្រទេសផងដែរ ពេលដែល លោក Akira Nishino មកដល់ ដើម្បីឲ្យអ្នកសារព័ត៌មានថៃ បានសូរសំនួរ ជាពិសេសពាក់ព័ន្ធទៅនឹងការដឹកនាំក្រុមជម្រើសជាតិឈុតធំ ប្រកួតក្នុងវគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក ក៏ដូចជាជាមួយក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ដែលត្រូវបានគេប៉ានស្មានដឹកនាំ ២ក្រុមនេះ គឺសហព័ន្ធចំណាយដល់ ៣០លានបាត ( ប្រហាក់ប្រហែល ៩៧ម៊ឺនដុល្លារ ) ក្បែរ ១លានដុល្លារសហរដ្ឋអាមេរិក ឯណោះក្នុងរយៈពេលមួយឆ្នាំ។

គួរដឹងដែរថា ការងារចម្បងរបស់លោកបន្ទាប់ការចូលមកកាន់តំណែងនេះ គឺត្រូវដឹកនាំជម្រើសជាតិថៃ ប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup qualification ) ជុំទី២ ប្រចាំតំបន់អាស៊ី ក៏ដូចជាវគ្គជម្រុះជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup ) ជុំទី២ ដូចគ្នា រួមទាំងការងារមួយទៀត គឺដឹកនាំ U-22 ថៃ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះផងដែរ។

គួរដឹងដែរថា លោក Akira Nishino បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ លោកធ្លាប់ជាសមាជិកនៃក្រុមសាម៉ូរៃជប៉ុន កាលពីចន្លោះឆ្នាំ១៩៧៧-៧៧ ជាមួយនឹងការបង្ហាញខ្លួនបាន ១២ប្រកួត ទាត់បញ្ចូលទីបាន ១គ្រាប់ក្នុងនាមជាខ្សែបម្រើ។

លោកបានចាប់ផ្ដើមការងារជាគ្រូបង្វឹកដំបូងនៅឆ្នាំ១៩៩១ ជាមួយក្រុម U-20 ជប៉ុន និងជាបន្តបន្ទាប់ធ្លាប់ដឹកនាំ U-23 ជប៉ុន, ក្លឹបនៅលីគកំពូលជប៉ុន ដូចជា Kashiwa Reysol, Gamba Osaka ( ជាក្រុមដែលលោកដឹកនាំជោគជ័យជាងគេ ), Vissel Kobe, Nagoya Grampus និងចុងក្រោយជម្រើសជាតិជប៉ុន ឈុតធំ៕

 

ប្រភព៖ siamsport.co.th

រូបភាព៖ AFP | FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់