Muangthong ចេញមកបញ្ជាក់ថាក្លឹបរបស់ខ្លួនមិនមែនសម្រាប់លក់ ក្រោយឮថា Man City ចង់ទិញ

មាស សុផាណារ៉ុង July 10, 2019


 

ថៃ៖ ម្ចាស់ជើងឯកលីគកំពូលថៃ ៤សម័យកាល Muangthong United បានប្រកាសកាលពីម្សិលមិញថា ក្លឹបរបស់ខ្លួនមិនមែនសម្រាប់លក់ទេ។ នេះបើយោងតាមការចចេញផ្សាយនៅលើសារព័ត៌មាន bangkokpost

ការណ៍ចេញមកបញ្ជាក់បែបនេះ គឺបន្ទាប់ពីមានរបាយការណ៍ថា ក្រុមដែលមានរហស្សនាមនាគកំណាច មួយនេះកំពុងស្ថិតក្នុងភាពស្រពេចស្រពិលដែលត្រូវបានក្រុមហ៊ុន City Football Group ( CFG ) ដែលមានម្ចាស់ជាម្ចាស់ក្លឹបជើងឯកនៃក្របខ័ណ្ឌលីគកំពូលអង់គ្លេស ( English Premier League ) ក្រុមមេឃខៀវ Manchester City ចង់ទិញភាគហ៊ុនក្លឹបយកទៅគ្រប់គ្រង ប៉ុន្តែ Muangthong បានច្រានចោល។

ក្លឹបនេះបាននិយាយថា៖ «កិច្ចព្រមព្រៀងបែបនេះនឹងមិនអាចកើតឡើងនោះទេ។ SCG ( ក្រុមហ៊ុន Siam Cement Group ) មិនមានផែនការលក់ភាគហ៊ុនរបស់ខ្លួននោះទេ»។

នេះបញ្ជាក់ថា ក្រុមហ៊ុន SCG និង Siam Sports Syndicate គឺជាម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ក្លឹប។ ទោះបីជាយ៉ាងណា ក្លឹប Muangthong ក៏បានសារភាពថាក្រុមហ៊ុន CFG ពិតជាមានចំណាប់អារម្មណ៍ចង់ទិញក្លឹបនៅថៃពិតមែន។

សេចក្ដីរាយការណ៍ដទៃទៀត បានឲ្យដឹងថាក្រុមហ៊ុនដដែលខាងលើមួយនេះកំពុងសម្លឹងមើលក្លឹបនៅលីគកំពូលថៃ ដែលមានមូលដ្ឋាននៅតំបន់ភាគឦសាន។

គួរដឹងដែរថា ក្រៅពី Manchester City ក្រុមហ៊ុន CFG ដែលគ្រប់គ្រងដោយខ្សែរាជវង្សអារ៉ាប Sheikh Mansour bin Zayed ក៏ជាម្ចាស់ក្លឹបបាល់ទាត់មួយចំនួននៅលើពិភពលោកនេះ ដូចជា New York City ( របស់អាមេរិក ) Melbourne City ( របស់អូស្រ្តាលី ) Girona ( របស់អេស្ប៉ាញ ) Yokohama F Marinos ( របស់ជប៉ុន ) និង Sichuan Jiuniu ( របស់ចិន ) ផងដែរ៕

 

ប្រភព៖ Bangkokpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់