ថៃ ជាមួយមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក អាយុក្រោម២០ឆ្នាំ

មាស សុផាណារ៉ុង July 8, 2019


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA ) កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការប្រកាសថាមានសហព័ន្ធកីឡាបាល់ទាត់ចំនួន ៨បានដាក់ពាក្យដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក អាយុក្រោម២០ឆ្នាំ ( FIFA U-20 World Cup 2021 ) សម្រាប់ឆ្នាំ២០២១។

សហព័ន្ធដែលជាសមាជិកទាំង៨ បានសម្តែងការចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក( FIFA U-20 World Cup 2021 ) បានបញ្ជាក់ពីការចូលរួមរបស់ខ្លួននៅក្នុងដំណើរការដេញថ្លៃដោយដាក់លក្ខខណ្ឌ និងលក្ខខណ្ឌពាក់ព័ន្ធនៅត្រឹមថ្ងៃទី២១ ខែមិថុនា។ ដោយសារតែមានប្រទេសខ្លះជ្រើសរើសយកពាក្យសុំរួមគ្នាក្នុងការដាក់ដេញថ្លៃ ដូច្នេះសរុបបេក្ខភាពចំនួន៥ នឹងត្រូវស្ថិតនៅក្នុងការប្រជែងគ្នា។

FIFA ដដែលបានបង្ហាញក្នុងចំណោម ៨ប្រទេស នឹងមានបេក្ខភាព៥ ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ក្នុងនោះរួមមាន៖

  • សហព័ន្ធកីឡាបាល់ទាត់បារ៉ែន សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត និងសហព័ន្ធកីឡាបាល់ទាត់អារ៉ាបរួម ( ដេញថ្លៃរួមគ្នា )
  • សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល
  • សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី
  • សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា និងសហព័ន្ធកីឡាបាល់ទាត់ថៃ ( ដេញថ្លៃរួមគ្នា )
  • សហព័ន្ធកីឡាបាល់ទាត់ប៉េរូ

កីឡដ្ឋាន Rajamangala របស់ថៃ

កីឡដ្ឋាន Zayarthiri Stadium របស់មីយ៉ាន់ម៉ា

កីឡដ្ឋាន Gelora Bung Karno Stadium របស់ឥណ្ឌូនេស៊ី

ការសម្រេចចិត្តចុងក្រោយត្រូវបានរំពឹងថានឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សារបស់ FIFA នៅឯកិច្ចប្រជុំបន្ទាប់របស់ខ្លួននៅទីក្រុងសៀងហៃ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែតុលា ខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម២០ឆ្នាំ ( FIFA U-20 World Cup ) គឺធ្វើឡើងនៅរៀងរាល់ ២ឆ្នាំម្ដង ខណៈមីយ៉ាន់ម៉ា ធ្លាប់មានមុខប្រកួតក្នុងព្រឹត្តិការណ៍នេះម្ដង កាលពីឆ្នាំ២០១៥ ផងដែរ៕

 

ប្រភព និងរូបភាព៖ FIFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់