Cong Phuong ចង់ក្លាយជាគំរូសម្រាប់កីឡាករវៀតណាម ដើម្បីមានមហិច្ឆតាចង់ចេញទៅប្រកបអាជីពនៅអឺរ៉ុប ដូចខ្លួន

មាស សុផាណារ៉ុង July 5, 2019


 

វៀតណាម៖ សមាជិកនៃក្រុមជម្រើសជាតិវៀតណាម កីឡាករ Nguyen Cong Phuong មានបំណងចង់ឲ្យកីឡាករវៀតណាមទុកខ្លួនជាគំរូ ដើម្បីមហិច្ឆតាទៅប្រកបអាជីពនៅអឺរ៉ុបនាពេលអនាគត។

និយាយបែបនេះគឺបន្ទាប់ពី រូបគេបច្ចុប្បន្នបានបញ្ចប់កិច្ចសន្យាជាមួយក្លឹបនៅលីគកំពូលកូរ៉េខាងត្បូង Incheon United ហើយរូបគេបាននឹងកំពុងបានត្រៀមចូលរួមជាមួយក្លឹបនៅលីគកំពូលប៊ែលហ្ស៊ីក Sint-Truidense VV ជាមួយនឹងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល។

Nguyen Cong Phuong ចូលរួមជាមួយក្លឹប Sint-Truidense VV នេះធ្វើឲ្យរូបគេក្លាយជាកីឡាករវៀតណាមដំបូងគេ ដែលទៅប្រកបអាជីពនៅអឺរ៉ុប និងនៅប្រទេសប៊ែលហ្ស៊ិក។

ម្ចាស់អាវលេខ១០ នៃក្រុមជម្រើសជាតិវៀតណាមរូបនេះ បាននិយាយថា៖ «ខ្ញុំរីករាយណាស់ដែលបានក្លាយជាកីឡាករវៀតណាមទី១ បានចុះហត្ថលេខាដើម្បីចេញទៅប្រកបអាជីពនៅអ៊ឺរ៉ុប ប៉ុន្តែជាមួយគ្នាផងដែរ ខ្ញុំក៏គិតថាត្រូវមានទំនួលខុសត្រូវកាន់តែខ្ពស់ដូចគ្នា។ ខ្ញុំចង់ក្លាយជាគំរូដ៏ល្អសម្រាប់កីឡាករវៀតណាម ដើម្បីមានមហិច្ឆតាចង់ចេញទៅប្រកបអាជីពនៅអឺរ៉ុប ជាមួយនឹងបរិយាកាសបាល់ទាត់នៅទីនោះ»។

គួរដឹងដែរថា យោងទៅតាមសារព័ត៌មានកូរ៉េ Money Today បន្ទាប់ពីចែកផ្លូវជាមួយក្រុម Incheon United កីឡាកររូបនេះបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីក្រុមនៅតំបន់អឺរ៉ុប ដូចជាក្លឹប Paris FC និង Clermont Foot នៃលីគទី២ ប្រទេសបារាំង។ ទោះជាយ៉ាងណាក៏ដោយទិសដៅចុងក្រោយរបស់ Cong Phuong គឺជាក្រុម Sint-Truidense VV នេះផ្ទាល់តែម្ដង។

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមជម្រើសជាតិប៊ែលហ្សិក Cong Phuong នឹងក្លាយទៅជាកីឡាករវៀតណាមដំបូងគេដែលចេញទៅប្រកបអាជីពនៅក្រៅប្រទេស ៣ប្រទេសផ្សេងគ្នា គឺជាមួយ Mito Hollyhock ( ជប៉ុន ) Incheon United ( កូរ៉េខាងត្បូង ) និងចុងក្រោយ Sint-Truidense VV នេះរបស់ ( ប៊ែលហ្សីក )៕

 

ប្រភព និងរូបភាព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់