គ្រូជប៉ុន ដែលថៃប្រកាសតែងតាំងជាគ្រូបង្វឹកថ្ងៃមុន បដិសេធថាមិនទាន់ចុះកុងត្រាដឹកនាំថៃនៅឡើយ

មាស សុផាណារ៉ុង July 3, 2019


 

ជប៉ុន៖ សហព័ន្ធកីឡាបាល់ទាត់ថៃ ( FA Thailand ) កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅបានធ្វើការប្រកាសតែងតាំងគ្រូបង្វឹកថ្មីជាផ្លូវការ ដោយសម្រេចឲ្យ លោក Akira Nishino ជាអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុនផ្ទាល់ដឹកនាំក្រុម។

យ៉ាងណាមិញសារព័ត៌មានជប៉ុន បានបង្ហាញថាគ្រូបង្វឹករូបនេះផ្ទាល់ បានច្រានចោល និងបដិសេធព័ត៌មានជុំវិញការណ៍ដែលរូបលោកចូលមកដឹកនាំក្រុមជម្រើសជាតិថៃ ទៅវិញ។

សារព័ត៌មានជប៉ុន ឈ្មោះថា Nikkan បានសរសេរថាគេបានទាក់ទងជាមួយគ្រូបង្វឹករូបនេះផ្ទាល់តាមទូរស័ព្ទ ហើយបានលោកបញ្ជាក់ថាភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ។ លោកបានឆ្លើយតបយ៉ាងដូច្នេះថា៖ «ខ្ញុំបានពិសារអាហារជាមួយប្រធានសហព័ន្ធ ប៉ុន្តែខ្ញុំមិនបានចុះហត្ថលេខាអ្វីមួយឡើយ សារព័ត៌មានថៃ គួរឲ្យខ្លាច ពួកគេសរសេរអ្វីដែលមិនមែនជាការពិត។ អ្វីដែលខ្ញុំអាចនិយាយបានគឺមិនមានការប្រកាសនៅឡើយក្នុងដំណាក់កាលនេះ»។

មិនត្រឹមតែសារព័ត៌មានថៃឡើយដែលចុះផ្សាយ សូម្បីតែគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ ( FA Thailand ) ក៏បានប្រកាសពីព័ត៌មានជុំវិញការព្រមព្រៀងរវាងសហព័ន្ធ ជាមួយលោក ក្នុងការដឹកនាំជម្រើសជាតិថៃ ផងដែរ។

យ៉ាងណាមិញសារព័ត៌មានខាងលើ អាចយល់បានថាភាគីទាំងពីរបានពិភាក្សាគ្នា ប៉ុន្តែចំពោះការចរចាប្រាក់ខែគឺមិនទាន់ឈានដល់ការព្រមព្រៀងរវាងគ្នានឹងគ្នានៅឡើយទេ។ អ្វីៗកំពុងស្ថិតនៅក្នុងពិភាក្សា យ៉ាងណាមិញសារព័ត៌មាន CAMSPORTS នឹងបន្តតាមដាន រឿងរ៉ាវដ៏កម្រនៅក្នុងបាល់ទាត់ថៃបែបនេះ៕

 

រូបភាព៖ FA Thailand | Siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់