សមាជិកជម្រើសជាតិវៀតណាម ត្រៀមចុះកុងត្រាជាមួយក្លឹបលីគកំពូលប៊ែលហ្ស៊ីក ៣ថ្ងៃខាងមុខនេះ

មាស សុផាណារ៉ុង July 2, 2019


 

វៀតណាម៖ អ្នកតំណាងក្លឹបបាល់ទាត់នៃលីគកំពូលប៊ែលហ្ស៊ីក Sint-Truidense VV នឹងមានវត្តមាននៅទីក្រុងហូជីមិញ ដើម្បីចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Nguyen Cong Phuong នាថ្ងៃទី០៥ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម។

យោងតាមសារព័ត៌មាន Zing.vn ក្លឹបសាមីរបស់សមាជិកជម្រើសជាតិវៀតណាម HAGL បានអះអាងថាកិច្ចព្រមព្រៀងរបស់ Cong Phuong ក្នុងការចេញទៅប្រកបអាជីពនៅបែលហ្ស៊ិក នឹងមានរយៈពេល១ឆ្នាំ ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ខាងមុខ។

Nguyen Cong Phuong នឹងត្រូវបានផ្តល់ជូននូវស្តង់ដារជាកីឡាករបរទេស រួមមានកន្លែងស្នាក់នៅ និងមធ្យោបាយដឹកជញ្ជូន។ ទោះបីជាយ៉ាងណាក៏ដោយព័ត៌មានលម្អិតនៃកិច្ចសន្យារវាង Cong Phuong ជាមួយក្រុមបែលហ្ស៊ិកមួយនេះ មិនត្រូវបានបង្ហាញឡើយជុំវិញប្រាក់ថ្លៃនឿយហត់ ក៏ដូចជាតម្លៃនៃការផ្ទេរ គឺត្រូវបិទជិតទាំងអស់។

បានផ្លាស់ទៅលីគប៊ែលហ្ស៊ីក បែបនេះគឺជាលើកទី៣ ហើយដែលម្ចាស់អាវលេខ១០ នៃក្រុមនាគមាសវៀតណាម រូបនេះបានចេញទៅប្រកបអាជីពនៅក្រៅប្រទេស បន្ទាប់ពីលើកដំបូងបានចេញទៅប្រកបអាជីពនៅជប៉ុន ជាមួយក្លឹប Mito HollyHock ( កាលនោះលីគទី២ ជប៉ុន ) និងដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះប្រកបអាជីពនៅលីគកំពូលកូរ៉េខាងត្បូង Incheon United។

និយាយដោយឡែកចំពោះក្លឹបដែលគេត្រូវចេញទៅប្រកបអាជីពជាមួយវិញ ( Sint-Truidense VV ) កាលពីរដូវកាល ២០១៨/១៩ បានបញ្ចប់ទៅដោយឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ១៦ក្រុម នៃក្របខ័ណ្ឌបែលហ្ស៊ិក ( Belgian First Division A ) ហើយមានគម្លាតតែ ២ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៦ ដែលអាចមានឱកាសប្រកួតពានរង្វាន់អឺរ៉ុប ( UEFA Champions League ឬក៏ UEFA Europa League នៅវគ្គជម្រុះក្នុងលីគរបស់គេមួយវគ្គទៀត៕

 

ប្រភព និងរូបភាព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់