សហព័ន្ធកីឡាបាល់ទាត់ថៃ មានគ្រូបង្វឹកជម្រើសជាតិថ្មីជាផ្លូវការ ក្រោយកៅអីទំនេរជាងកន្លះឆ្នាំ

មាស សុផាណារ៉ុង July 2, 2019


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ ( FA Thailand ) កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញបានធ្វើការប្រកាសតែងតាំងគ្រូបង្វឹកថ្មីជាផ្លូវការ បន្ទាប់ពីតំណែងមួយនេះទំនេរ ( មានតែគ្រូបង្វឹកបណ្ដោះអាសន្ន ) កាន់ជាងកន្លះឆ្នាំរួចមក។

គ្រូបង្វឹកថ្មីដែលសហព័ន្ធកីឡាបាល់ទាត់ថៃ ប្រកាសតែងតាំងនោះគឺជាគ្រូបង្វឹកសញ្ជាតិជប៉ុន គឺលោក Akira Nishino ជាអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុនផ្ទាល់ ដឹកនាំប្រកួតក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ( 2018 FIFA World Cup ) នៅប្រទេសរុស្ស៊ី កាលពីឆ្នាំន្លងទៅ។ តាមការបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ បានបញ្ជាក់ថាអតីតគ្រូបង្វឹករបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ( លោក Keisue Honda ) កាលពីនៅជម្រើសជប៉ុនរូបនេះ នឹងត្រូវកាន់ទាំងក្រុមជម្រើសជាតិថៃ ឈុតធំផង និងក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំផងដែរ។

ការងារចម្បងរបស់លោកបន្ទាប់ការចូលមកកាន់តំណែងនេះ គឺត្រូវដឹកនាំជម្រើសជាតិថៃ ប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup qualification ) ជុំទី២ ប្រចាំតំបន់អាស៊ី ក៏ដូចជាវគ្គជម្រុះជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup ) ជុំទី២ ដូចគ្នា រួមទាំងការងារមួយទៀត គឺដឹកនាំ U-22 ថៃ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះផងដែរ។

គួរដឹងដែរថា លោក Akira Nishino បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ លោកធ្លាប់ជាសមាជិកនៃក្រុមសាម៉ូរៃជប៉ុន កាលពីចន្លោះឆ្នាំ១៩៧៧-៧៧ ជាមួយនឹងការបង្ហាញខ្លួនបាន ១២ប្រកួត ទាត់បញ្ចូលទីបាន ១គ្រាប់ក្នុងនាមជាខ្សែបម្រើ។

លោកបានចាប់ផ្ដើមការងារជាគ្រូបង្វឹកដំបូងនៅឆ្នាំ១៩៩១ ជាមួយក្រុម U-20 ជប៉ុន និងជាបន្តបន្ទាប់ធ្លាប់ដឹកនាំ U-23 ជប៉ុន, ក្លឹបនៅលីគកំពូលជប៉ុន ដូចជា Kashiwa Reysol, Gamba Osaka ( ជាក្រុមដែលលោកដឹកនាំជោគជ័យជាងគេ ), Vissel Kobe, Nagoya Grampus និងចុងក្រោយជម្រើសជាតិជប៉ុន ឈុតធំ៕

 

រូបភាព៖ AFP | FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់