FIFA ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន

មាស សុផាណារ៉ុង July 1, 2019


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) បានសំរេចតែងតាំងគណៈកម្មាការមួយ សម្រាប់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ( PFF ) ស្របតាមមាត្រា១៤ នៃលក្ខន្តិកៈរបស់ FIFA ជុំវិញបញ្ហាចម្រូងចម្រាសនៃការបែងចែកអំណាចដឹកនាំរបស់សហព័ន្ធមួយនេះ។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការចុះទៅពិនិត្យមើលញ្ហាដែលកើតមានដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) កាលពីពេលថ្មីៗនេះនៅប៉ាគីស្ថាន ដែលបានសន្និដ្ឋានថាមានតែការបោះឆ្នោតដោយសេរី យុត្តិធម៌ និងមានតម្លាភាព ទេទើបអាចបង្រួបបង្រួមភាគីពាក់ព័ន្ធផ្ទៃក្នុងនៃសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន និងកំណត់មូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍បាល់ទាត់ដែលបានជាប់គាំងចាប់តាំងពី ឆ្នាំ​២០១៥។

គណៈកម្មាការនេះ នឹងត្រូវបានបង្កើតឡើងដោយមានចំនួនសមាជិកគ្រប់គ្រាន់ដែលត្រូវបានកំណត់ដោយ FIFA និងមានការពិគ្រោះយោបល់ជាមួយ AFC និងភាគគីពាក់ព័ន្ធក្នុងស្រុក។ ហើយនឹងធ្វើកិច្ចការសំខាន់ៗមួយចំនួនដូចជា ដំណើរការកិច្ចការប្រចាំថ្ងៃរបស់ PFF ជាពិសេសរៀបចំការបោះឆ្នោតនៅតាមថ្នាក់មូលដ្ឋាន និងរៀបចំការបោះឆ្នោតគណៈកម្មាធិការប្រតិបត្តិរបស់ PFF ថ្មី។

គណៈកម្មាធិការនេះ នឹងដើរតួជាគណៈកម្មាការបោះឆ្នោតដែលជាការសម្រេចចិត្តចុងក្រោយ ហើយរយៈពេលកំឡុងពេលបំពេញមុខងាររបស់ខ្លួន នឹងផុតកំណត់នៅពេលដែលបានបំពេញភារកិច្ចទាំងអស់ចប់ទាំងស្រុង ប៉ុន្តែមិនលើសពី ៩ខែ ក្រោយពីសមាជិកផ្លូវការ ត្រូវបានតែងតាំងដោយ FIFA។

គួរដឹងដែរថា ជម្លោះរបស់ប្រធានសហព័ន្ធទាំង២ គឺកើតឡើងដោយសារតែបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី ស្របពេលដែលប្រធានចាស់ លោក Hayat ពុំទទួលស្គាល់លទ្ធផល ដោយសារការបោះឆ្នោតស្ថិតនៅក្រោមការឃ្លាំមើលពីស្ថាប័នតុលាការ ខណៈច្បាប់របស់ FIFA គឺមានភាពតឹងតែងក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាល ចូលទៅក្នុងកិច្ចការកីឡាបាល់ទាត់ ឬអាចនិយាយបានថា បាល់ទាត់ គឺមិនត្រូវស្ថិតនៅក្រោម នយោបាយ ឡើយ៕

 

អត្ថបទពាក់ព័ន្ធ៖ បញ្ហាផ្ទៃក្នុងរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន រំពឹងដោះស្រាយចេញឆាប់ៗនេះ មុនប៉ះកម្ពុជា

 

ប្រភព និងរូបភាព៖ FIFA.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់