ស្រីលង្កា បានកៅអីវគ្គជម្រុះ World Cup ជុំទី២ ក្រោយ FIFA សម្រេចដកសិទ្ធិម៉ាកាវ ជាផ្លូវការ

មាស សុផាណារ៉ុង June 28, 2019


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) តាមរយៈគណៈកម្មាធិការវិន័យបានធ្វើការសម្រេចជាផ្លូវការហើយជុំវិញករណីនៅក្នុងវគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) រវាងក្រុមជម្រើសជាតិស្រីលង្កា និងកោះម៉ាកាវ។

សេចក្ដីសម្រេចរបស់គណៈកម្មាធិការវិន័យ ( FIFA ) បានបញ្ជាក់ ពីការពិន័យចំពោះសហព័ន្ធកីឡាបាល់ទាត់ម៉ាកាវ ចំពោះការមិនទៅចូលរួមការប្រកួតនៅជើងទី២ នៃវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ទល់នឹង ក្រុមជម្រើសជាតិស្រីលង្ការ ដូច្នេះម៉ាកាវ ត្រូវបានសម្រេចឲ្យចាញ់ ស្រីលង្កា ដោយស្វ័យប្រវត្តិ ៣ទល់០ នៅជើងទី២ ( ខណៈជើងទី១ ម៉ាកាវ ឈ្នះត្រឹម ១ទល់០ ) ហើយនឹងត្រូវពិន័យជាទឹកប្រាក់ ១ម៊ឺនស្វីសហ្រ្វង់ ( ប្រហាក់ប្រហែល ១ម៊ឺនដុល្លារ ) ថែមទៀតផងដែរ ដោយសារប្រព្រឹត្តិផ្ទុយនឹងមាត្រា ៥នៃបទប្បញ្ញត្តិស្ដីពីការប្រកួត ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ( ពាក់ព័ន្ធទៅនឹងការបោះបង់ការប្រកួត ) នេះ។

ដូច្នេះសេចក្ដីសម្រេចនេះបានសេចក្ដីថា ក្រុមជម្រើសជាតិស្រីលង្កា នឹងទទួលបានកៅអីទៅប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) រងចាំការចាប់ឆ្នោតនៅពាក់កណ្ដាលខែកក្កដា ខាងមុខនេះជាមួយប្រទេសចំនួន ៣៩ផ្សេងទៀត ក្នុងទ្វីបអាស៊ី។

គួររំលឹកផងដែរថា បញ្ហារវាងស្រីលង្កា ជាមួយម៉ាកាវ បានកើតឡើងនៅក្រោយការប្រកួតជើងទី១ នៃពានរង្វាន់ដដែលខាងលើ ដោយជើងទី២ ត្រូវត្រលប់ទៅទឹកដីស្រីលង្កា វិញតែម៉ាកាវ បានបដិសេធមិនទៅប្រកួតនៅទីនោះ ដោយសារបារម្ភពីបញ្ហាសន្តិសុខ និងបានស្នើសុំឲ្យមានការផ្លាស់ប្ដូរទឹកដីប៉ុន្តែពុំអាចធ្វើទៅបានដោយសារតែមានការរៀបចំកម្មវិធីប្រកួតរួចរាល់ជាស្រេចហើយ តាំងពីមុនប្រកួតមកដល់៕

 

ប្រភព៖ The-AFC

រូបភាព៖ Football Federation of Sri Lanka | 澳門足球總會 Macau Football Association

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់