Johor Darul Tazim ឈ្នះពានលីគកំពូលម៉ាឡេស៊ីជាលើកទី៦ ជាប់ៗគ្នា

មាស សុផាណារ៉ុង June 27, 2019


 

ម៉ាឡេស៊ី៖ ក្រុមរបស់ Johor Darul Ta’zim ដែលត្រូវបានចាត់ទុកថាជាក្រុមខ្លាំងប្រចាំប្រទេសម៉ាឡេស៊ី ទីបំផុតបានគ្រងជើងឯកលីគកំពូលជាថ្មីម្ដងទៀតហើយ ទាំងដែលការប្រកួតនៅសេសសល់ចំនួន ៤ប្រកួតទៀត។

អាចគ្រងជើងឯកសារជាថ្មីបន្ទាប់ពីក្រុមដែលមានរហស្សនាមថា ខ្លាកំណាចភាគខាងត្បូង មួយនេះបានយកឈ្នះក្រុម Melaka United ក្នុងជំនួបសប្ដាហ៍ទី១៨ នៃលីគដែលមាន ២២ប្រកួតមួយនេះ កាលពីយប់មិញ ហើយនាំឲ្យដាច់ពិន្ទុពីក្រុមលេខ២ Pahang FA រហូតដល់១៦ ពិន្ទុ។

នេះគឺជាលើកទី៦ និងជាប់ៗគ្នា ផងដែរសម្រាប់ Johor Darul Ta’zim ដែលឈ្នះជើងឯកលីគកំពូលម៉ាឡេស៊ី បើរាប់គិតចាប់តាំងពីឆ្នាំ២០១៤ មក ហើយក៏ធ្វើឲ្យ Johor ក្លាយជាក្រុមតែមួយគត់ដែលជោគជ័យជាងគេនៅក្នុងប្រវត្តិបាល់ទាត់ម៉ាឡេស៊ី។

Johor បច្ចុប្បន្នមាន ៤៦ពិន្ទុ ក្រោយប្រកួតចំនួន ១៨ដង ឈ្នះ១៤ ស្មើ៤ និងមិនដែលចាញ់ឡើយ ខណៈ ៤ប្រកួតដែលនៅសេសសល់គឺជាការប្រកួតបង្រ្គប់កិច្ច តែក៏ជាការយកកំណត់ត្រាលើកពានក្នុងនាមជាក្រុមប្រកួតមិនដែលចាញ់នៅក្នុងលីគ ជាលើកទី២ គ្រាដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០១៦ ប្រកួត២២ដង ឈ្នះ១៨ និងស្មើ៤ មិនដែលចាញ់។

ក្រុមដែលមានរហស្សនាមថា ខ្លាកំណាចភាគខាងត្បូង ដដែលនេះនឹងទទួលបានកៅអីប្រកួតពានរង្វាន់កម្រិតកំពូលប្រចាំទ្វីបអាស៊ី ( AFC Champions League 2020 ) វគ្គចែកពូលផងដែរ ដោយពុំចាំបាច់ប្រកួតជម្រុះ។

អាចនិយាយបានថា លីគកំពូលម៉ាឡេស៊ី នឹងបញ្ចប់មុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដ្បិតការប្រកួតនៅសល់តែ ៤ប្រកួតទៀតប៉ុណ្ណោះ ខណៈលីគនៃបណ្ដារប្រទេសជាសមាជិកដទៃទៀត ទើបតែបានពាក់កណ្ដាលផ្លូវ និងលីគខ្លះទើបតែចាប់ផ្ដើម៕

 

រូបភាព៖ JOHOR Southern Tigers

អត្ថបទ៖ ណារ៉ុង

មតិយោបល់