គ្រូ U-23 ថៃ ទទួលដំណែងជាគ្រូបង្គោលរបស់ Muangthong ក្រោយប្រកាសចែកផ្លូវគ្រូចាស់ម្សិលមិញ

មាស សុផាណារ៉ុង June 13, 2019


 

ថៃ៖ ក្លឹប Muangthong United បានធ្វើការប្រកាសតែងតាំងអតីតគ្រូបង្វឹក U-23 ថៃ លោក Alexandre Torreira da Gama ជាគ្រូថ្មីជាផ្លូវការហើយ ពោលគឺភ្លាមៗក្រោយការប្រកាសចែកផ្លូវជាមួយ លោក Yoon Jong-Hwan កាលពីម្សិលមិញ។

លោក Alexandre da Gama ត្រូវបានអ្នកគាំទ្របាល់ទាត់ថៃ ស្គាល់យ៉ាងច្បាស់ថាជាបុគ្គលដែលជោគជ័យនៅលីគបាល់ទាត់ដែលមានប្រជាប្រិយភាពជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយមុនមកដឹកនាំ Muangthong United លោកធ្លាប់ដឹកនាំក្លឹបជាច្រើននៅថៃ ដូចជា Buriram United, Chiangrai United និងជម្រើសជាតិថៃអាយុក្រោម ២១ឆ្នាំ និងក្រោម ២៣ឆ្នាំ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះជោគជ័យបំផុតពេលដឹកនាំ Buriram United ដោយនាំក្រុមឈ្នះពាន ៨គ្រប់កម្មវិធីទាំងអស់ក្នុងរយៈពេល២ឆ្នាំ ហើយចូលរួមដឹកនាំ Chiangrai United លោកជួយនាំក្រុមឈ្នះពាន ៤បន្ថែមទៀត សរុប១២ពានដែលលោកបានឈ្នះ និងត្រូវបានកត់ត្រាជាគ្រូដែលឈ្នះពានច្រើនជាងគេនៅលីគបាល់ទាត់ថៃ។

លោកក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ឡើងមកប្រកួតនៅទឹកដីកម្ពុជា ផងដែរកាលពីអំឡុងខែកុម្ភៈកន្លងទៅ ដោយកាលនោះជួយឲ្យក្រុមបានត្រឹមជើងឯករង ក្រោយចាញ់ឥណ្ឌូនេស៊ី ដោយលទ្ធផល ២ទល់១ នៅវគ្គផ្ដាច់ព្រ័ត្រ។

លោកនឹងត្រូវចាប់ផ្ដើមការងារថ្មីដំបូងតាមរយៈការដឹកនាំក្រុម Muangthong United ជួបជាមួយ Chonburi FC ដែលជាក្រុមកំពុងឈរនៅលេខ១០ នៃតារាងលីគកំពូលថៃ នៅចុងប្ដាហ៍នេះ៕

 

រូបភាព៖ Thai League

អត្ថបទ៖ ណារ៉ុង

មតិយោបល់