គ្រូថ្មីរបស់ Muangthong កាន់តំណែងបាន ២ខែ សម្រេចចែកផ្លូវជាមួយក្លឹប

មាស សុផាណារ៉ុង June 12, 2019


 

ថៃ៖ ក្លឹបយក្សមួយក្នុងចំណោមក្លឹបយក្សនៅលីគកំពូលថៃ Muangthong United ដែលរដូវកាល២០១៩នេះ កំពុងជួបនូវបញ្ហាធ្លាក់ទម្រង់លេងស្ទើរមិនគួរឲ្យជឿនោះ បានឈានទៅដល់បញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកថ្មី ១រូបទៀតហើយ បន្ទាប់ពីកាន់តំណែងបានតែ ២ខែ។

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបនៅថ្ងៃទី១២ ខែមិថុនា នេះ បានបញ្ជាក់ថា ក្លឹបបានឈានទៅដល់ការព្រមព្រៀងគ្នាជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Yoon Jong-Hwan។

គួរដឹងដែរថា លោក Yoon Jong-Hwan បានចូលមកដឹកនាំ Muangthong United ជំនួសលោក Pairoj Borwonwatanadilok ដែលបានសម្រេចលាលែងក្រោយដឹកនាំក្រុមពុំជោគជ័យ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ រយៈពេលជិត ២ខែនេះ លោកបានដឹកនាំ Muangthong ប្រកួត៨ដង ក្នុងនោះ ឈ្នះ២ ស្មើ២ និងចាញ់៤ គ្រប់កម្មវិធីប្រកួតទាំងអស់។

នេះជាលើកទី២ ហើយដែលក្លឹបបាល់ទាត់ Muangthong United បានបាត់បង់គ្រូបង្វឹក ខណៈដែលការប្រកួតទើបតែបាន ១៣ប្រកួតប៉ុណ្ណោះ ជារឿងអាក្រក់បំផុតពុំធ្លាប់មានសម្រាប់ក្លឹបដែលមានមូលដ្ឋានក្បែរទីក្រុងបាងកកមួយនេះ។

និយាយអំពីស្ថានភាពរបស់ Muangthong United វិញបច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោលឈរនៅលេខ១៥ លើក្រុមបាតតារាង Suphanburi FC ដែលមានពិន្ទុស្មើគ្នា១១ពិន្ទុ ពីការប្រកួតចំនួន ១៣ដង ឈ្នះ៣ ស្មើ២ និងចាញ់៨៕

 

រូបភាព៖ Muangthong United FC. / Thai League

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់