បាល់ទាត់នារីពិភពលោក៖ អាម៉េរិកឈ្នះ ថៃ ១៣ទល់០ យប់មិញត្រូវបានចុះក្នុងស្ថាប័ន Guinness World Records

មាស សុផាណារ៉ុង June 12, 2019


បារាំង៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាម៉េរិក កាលពីយប់មិញត្រូវបានស្ថាប័នឯកត្តទកម្មពិភពលោក ( Guinness World Records ) ចុះក្នុងកំណត់ត្រាថ្មីនៃបញ្ជីរបស់ខ្លួន សម្រាប់ការប្រកួតបាល់ទាត់នារី ពិភពលោក ( FIFA Women’s World Cup ) បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិនារីថៃ ដោយលទ្ធផលចាស់ដៃ ១៣ទល់០។

ស្ថិតក្នុងការប្រកួតបើកពូល F ដែលមានអាមេរិក, ស៊ុយអែត, ថៃ និងឈីលី ក្រុមជម្រើសជាតិនារីអាម៉េរិក បានបើកការប្រកួតដោយត្រូវប៉ះ ថៃ ថ្ងៃទី១១ មិថុនា ម្សិលមិញនេះ។បជាលទ្ធផលអាម៉េរិក បានយកឈ្នះ ជម្រើសជាតិនារីថៃ ដោយលទ្ធផលចាស់ដៃ ១៣ទល់០ ខណៈកីឡាការិនី Alex Morgan បានក្លាយជាតួអង្គដ៏សំខាន់ដោយរកបាន ៥គ្រាប់ម្នាក់ឯង។

កំណត់ត្រានេះគឺបានបំបែកកំណត់ត្រាចាស់របស់ក្រុមជម្រើសជាតិនារីអាល្លឺម៉ងដ៍ ដែលធ្លាប់បានយកឈ្នះជម្រើសជាតិនារីអាហ្សង់ទីន ដោយលទ្ធផល ១១ទល់០ កាលពីឆ្នាំ២០០៧។ លើសពីនេះក៏ជាការបំបែកកំណត់ត្រារបស់ខ្លួនឯងផ្ទាល់ កាលពីឆ្នាំ១៩៩១ ដែលបានយកឈ្នះ ឆាយនីសតៃប៊ិ ៧ទល់០។ សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់នារីពិភពលោក ឆ្នាំ២០១៩ ( 2019 FIFA Women’s World Cup ) ធ្វើឡើងនៅប្រទេសបារាំង មានក្រុមចំនួន២៤ ចូលរួម ចែកចេញជា៦ពូល ដោយចាប់ផ្ដើមពីថ្ងៃទី០៧ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕

 

រូបភាព៖ FIFA Women’s World Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់