កោះហ្គាម ជាក្រុមឡើងទៅជុំបន្តមុនគេ ក្រោយវាយបកយកឈ្នះ ប៊ូតាន់ ជើងទី២ ត្រចេះត្រចង់ ៥ទល់០

មាស សុផាណារ៉ុង June 11, 2019


 

កោះហ្គាម៖ ក្រុមជម្រើសកោះហ្គាម ( Guam ) បានក្លាយជាក្រុមដំបូងគេដែលបានឡើងទៅជុំបន្ត នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) វគ្គជម្រុះជុំដំបូង បន្ទាប់ពីបានយកឈ្នះជម្រើសជាតិប៊ូតាន់ ដោយលទ្ធផល ៥ទល់០ មុននេះបន្តិច។

កាលពីជើងទី១ នៅលើទឹកដីរបស់ក្រុមដែលមានមូលដ្ឋាននៅអាស៊ីភាគខាងត្បូង ប៊ូតាន់ បានយកឈ្នះក្រុមជម្រើសកោះហ្គាម ដោយលទ្ធផល ១ទល់០ ដោយកីឡាករវ័យ២៣ឆ្នាំ Tshering Dorji ជាអ្នករកគ្រាប់ជ័យជម្នះ។ យ៉ាងណាមិញ ក្ដីសង្ឃឹមរបស់ប៊ូតាន់ ត្រូវបានបាត់បង់ទាំងស្រុង ក្រោយក្រុមហ្គាម វាយបកយកឈ្នះយ៉ាងត្រចេះត្រចង់ ដោយលទ្ធផល ៥ទល់០ លើទឹកដីរបស់ខ្លួនវិញ។

កីឡាករចាស់វស្សាក្នុងក្រុម Jason Cunliffe គឺជាវីរៈបុរសនាំឲ្យហ្គាម ឡើងទៅជុំបន្តដោយរកបាន ៤គ្រាប់ម្នាក់ឯង ខណៈមួយគ្រាប់ទៀតរកបានដោយកីឡាករកំពុងប្រកបពអាជីពនៅលីគទី២ អាមេរិក Shane Andre Malcolm។

ដូច្នេះ ជ័យជម្នះបានធ្វើឲ្យ ក្រុមជម្រើសកោះហ្គាម ឡើងទៅប្រកួតជុំទី២ មុនគេពីការប្រកួតវគ្គជម្រុះជុំទី១ ហើយក្រុមចំនួន៣៤ផ្សេងទៀតកំពុងអង្គុយរង់ចាំ។

ក្រុមដទៃទៀតដែលត្រូវរកឃើញនៅយប់នេះ សម្រាប់វគ្គជម្រុះជុំទី១ គឺរួមមាន ការប្រកួតរវាង ព្រុយណេ ជាមួយ ម៉ុងហ្គោលី, ទីម័រខាងកើត ជាមួយ ម៉ាឡេស៊ី, បង់ក្លាដេស ជាមួយ ឡាវ និងប៉ាគីស្ថាន ជាមួយ កម្ពុជា ខណៈការប្រកួតមួយគូទៀតរវាង ស្រីលង្ការ ជាមួយ កោះម៉ាកាវ ត្រូវបានលុបចោល ដោយសារម៉ាកាវ បដិសេធមិនទៅប្រកួតនៅប្រទេសស្រីលង្ការ ព្រោះបារម្ភបញ្ហាសន្តិសុខ៕

 

រូបភាព៖ Bhutan Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់