ក្រោយជួយឲ្យព័រទុយហ្គាល់ លើកពាន Nations League របស់ទ្វីបអឺរ៉ុប Ronaldo ត្រូវបានសួរនាំរឿងចូលនិវត្តន៍

មាស សុផាណារ៉ុង June 10, 2019


 

ព័រទុយហ្គាល់៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ កាលពីថ្ងៃទី០៨ ម្សិលមិញ បាន​លើក​ពាន​ធំ​ទី​២ ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ប្រចាំទ្វីបអឺរ៉ុប ក្រោយ​យក​ឈ្នះ​ក្រុមជម្រើសជាតិហូឡង់ ​ដោយលទ្ធផល ១ទល់នឹង០ ដើម្បី​គ្រង​ជើង​ឯកពានរង្វាន់ថ្មី​ UEFA Nations League។​

គ្រាប់បាល់មួយគ្រាប់ របស់​ខ្សែ​បម្រើ​ Goncalo Guedes មក​ពី​ក្រុម​ Valencia បានជួយឲ្យព័រទុយហ្គាល់ លើកពានថ្មីក្រោមការដឹកនាំដោយគ្រូបង្គោល Fernando Santos ដែលឈ្នះ UEFA Euro 2016 កាលពីឆ្នាំ២០១៦ ដោយមាន Cristiano Ronaldo ជា​ប្រធានក្រុម។

ក្រោយបានរួមចំណែកជួយក្រុមលើកពានទ្វីបអឺរ៉ុប ជាលើកទី២ Cristiano Ronaldo ត្រូវបានអ្នកសារព័ត៌មានចោទសួរអំពីអនាគតរបស់ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​ នៅពេលដែលរូបគេចូលនិវត្តន៍ យ៉ាងណា Ronaldo បានឆ្លើយតបថា៖ «ក្រុមជម្រើសជាតិ នឹងបន្តដោយមាន ឬគ្មាន Cristiano។ ខ្ញុំគិតថាក្រុមនេះមានសក្តានុពលដ៏អស្ចារ្យរួចទៅហើយ មានកីឡាករក្មេងៗ, កីឡាករដែលច្រើនឆ្នាំទៅមុខទៀត រូបគេនឹងក្លាយជាកីឡាករចាស់ទុំ និងល្អប្រសើរជាងមុន។»

គេបានបន្តថា៖ «ខ្ញុំចង់ក្លាយជាផ្នែកមួយនៃគម្រោងនេះ ពីព្រោះខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំមានអារម្មណ៍ថាអាចជួយក្រុមជម្រើសជាតិ។ ប៉ុន្តែដូចដែលខ្ញុំបាននិយាយ ខ្ញុំគិតថាក្រុមជម្រើសជាតិមានសក្តានុពលក្នុងការបន្តវិវឌ្ឍ និងឈ្នះពានរង្វាន់បន្ថែមទៀត។»

គួរដឹងដែរថា Cristiano Ronaldo បច្ចុប្បន្នមានវ័យ៣៤ឆ្នាំ រឿងដែលធ្វើឲ្យអ្នកគាំទ្រព័ទុយហ្គាល់ចងចាំមិនផុតចំពោះរូបគេ គឺការជួយឲ្យក្រុមនេះឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប ( UEFA Euro 2016 ) កាលពីឆ្នាំ២០១៦៕

 

រូបភាព៖ uefa.com

ប្រភព៖ foxsportsasia

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់