ថៃ ជាមួយវៀតណាម តតាំងគ្នាយប់នេះដើម្បីរកក្រុមដែលខ្លាំងជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង June 5, 2019


 

ថៃ៖ នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ការប្រកួតដែលអ្នកគាំទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ទន្ទឹងរង់ចាំ រវាងថៃ ជាមួយវៀតណាម ក្នុងពានរង្វាន់បែបមិត្តភាពកម្ដៅសាច់ដុំ King’s Cup ដែលរៀបចំជារៀងរាល់ឆ្នាំដោយប្រទេសថៃនោះ នឹងរកឃើញក្រុមដែលខ្លាំងជាងគេនៅក្នុងតំបន់មួយនេះ។

ពានរង្វាន់នេះ មានតែប្រទេសចំនួន៤ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះថៃ, វៀតណាម, ឥណ្ឌា និងខារ៉ាសៅ ( Curaçao ) ប្រទេសមកពីទ្វីបអាមេរិកកណ្ដាល គឺធ្វើការប្រកួតជាលក្ខណៈជម្រុះយកតែម្ដង ខណៈជាមួយគ្នាផងដែរ ថៃ ត្រូវបានចាប់ឆ្នោតប៉ះ វៀតណាម ក្នុងប្រកួតដំបូងនេះ។

តាមគម្រោងការប្រកួតនឹងធ្វើឡើង នៅវេលាម៉ោង ៧:៤៥ នាទីយប់នេះ នាកីឡដ្ឋាន Chang Arena របស់ក្លឹប Buriram United ខណៈនៅម៉ោង ៣:៣០ រសៀលនេះ ក្រុមជម្រើសជាតិខារ៉ាសៅ ( Curaçao ) ដែលមកពីទ្វីបអាមេរិកកណ្ដាល នឹងប្រកួតជាមួយ ឥណ្ឌា មុនផងដែរដើម្បីដណ្ដើមកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ បញ្ជាក់ថា ការប្រកួតជាការប្រកួតបែបពានរង្វាន់មិត្តភាពក៏ពិតមែន ប៉ុន្តែត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ព្រោះចំថ្ងៃ ( FIFA Day ) ហើយដែលបានស្នើសុំទៅ FIFA ជាមុនផងដែរ។

សម្រាប់ការជួបគ្នារវាង ថៃ ជាមួយ វៀតណាម ត្រូវបានអ្នកគាំទ្រប្រទេសទាំង២ មិនតែប៉ុណ្ណោះជុំវិញតំបន់អាស៊ីអាគ្នេយ៍ បានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ត្បិតបច្ចុប្បន្ន វៀតណាម កំពុងឡើងជើងខ្លាំង បើធៀបទៅនឹងប្រកួតដែលក្រុមទាំង២ប៉ះគ្នាជាលើកចុងក្រោយកាលពីឆ្នាំ២០១៥។ ក្រលេកមកមើល ៥ប្រកួតចុងក្រោយរាងក្រុមទាំង២ គឺវៀតណាម ឈ្នះ ថៃ តែម្ដងគត់ ខណៈថៃ ឈ្នះវៀតណាម ៣ដង និងម្ដងទៀតស្មើ គិតគ្រប់កម្មវិធីទាំងអស់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ King’s Cup គឺជាពានដែលថៃ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗ ពីតាមបណ្ដាប្រទេសចំនួន ៤ជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ៕

 

រូបភាព៖ ช้างศึก / GettyImages NurPhoto

អត្ថបទ៖ ណារ៉ុង

មតិយោបល់