Liverpool ប្រើពេល១៤ឆ្នាំ លើកពាន Champions League សារជាថ្មី និងជាលើកទី៦

មាស សុផាណារ៉ុង June 2, 2019


 

អេស៉្បាញ៖ ក្រុម​ហង្សក្រហម Liverpool ​ទីបំផុតបាន​គ្រងជើងឯក​ពាន​រង្វាន់ក្លឹបកំពូលប្រចាំទ្វីបអ៊ឺរ៉ុប ( UEFA Champions League ​) ហើយ សម្រាប់រដូវកាល២០១៩ បន្ទាប់​ពីបានយក​ឈ្នះ​ក្រុមរួមលីគ Spurs ​ដោយលទ្ធផល ​២ទល់០ ​​វគ្គ​ផ្ដាច់ព្រ័ត្រ យប់មិញនេះ។

ខកចិត្តកាលពីឆ្នាំកន្លងទៅ Liverpool មិនបង្អង់យូរដោយរកគ្រាប់បាល់បាន ​១​គ្រាប់​មុន​តាំង​ពី​នាទី​ទី​២ ដោយ​បាល់​ពិន័យ១១​ម៉ែត្រ ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ Mohamed Salah។

​ឱកាស​ម្ដង​ជា​ពីរ​ដង​នៅតែមានសម្រាប់ Liverpool ក្រោយនាំមុខមួយគ្រាប់មុន ស្របពេល​ដែល​ Spurs ​វិញ​មាន​តែ​ស្ថិតិ​គ្រប់​គ្រង​បាល់​ និង​ឱកាស​ល្អ​ៗ​មួយចំនួន ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម Liverpool ​បាន​ឡើយ និងអូសបន្លាយដល់​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​​ពោលនាទី៨៧ ​Origi ក៏​ថែម​បាន​១​គ្រាប់​ទៀត​ឲ្យហង្សក្រហម ​ដើម្បីធានាភាពកក់ក្ដៅ នាំ​មុខ ​២ទល់០ ចប់​ការ​ប្រកួត​ក្រុម Liverpool ​ឈ្នះ​ក្នុង​លទ្ធផល ​០ទល់២។

នេះគឺជ័យជម្នះលើកទី៦ ហើយសម្រាប់ក្រុម​ហង្សក្រហម Liverpool ខណៈក៏ជាការប្រើពេល ១៤ឆ្នាំផងដែរ ដើម្បីលើកពានសារជាថ្មីបើធៀបទៅនឹងលើកចុងក្រោយ ( លើកទី៥ ) កាលពីឆ្នាំ២០០៥ ហើយថែមទាំងធ្វើឲ្យ Liverpool ឡើងមកឈរលេខរៀងទី៣ ក្នុងនាមជាក្រុមឈ្នះពាននេះច្រើនជាងគេបន្ទាប់ពី Real Madrid ( ១៣ ដង ) AC Milan ( ៧ ដង )៕

 

រូបភាព៖ UEFA Champions League

អត្ថបទ៖ ណារ៉ុង

មតិយោបល់