ជំនួបរវាង ថៃ ជាមួយវៀតណាម អាចនឹងខ្វះអ្វីម៉្យាង បន្ទាប់ពី Chanathip ប្រកាសដកខ្លួនពីជម្រើសជាតិថៃ

មាស សុផាណារ៉ុង May 31, 2019


 

ថៃ៖ ការប្រកួតពានរង្វាន់បែបមិត្តភាព King’s Cup ដែលរៀបជារៀងរាល់ឆ្នាំដោយប្រទេសថៃ ជាមួយនឹងម្ចាស់ផ្ទះផ្ទាល់ ត្រូវជួបប្រកួតជាមួយ វៀតណាម ក្នុងថ្ងៃបើកឆាកនោះ អាចនឹងខ្វះភាពទាកទាញ បន្ទាប់ពីខ្សែបម្រើឆ្នើមប្រចាំក្រុមដំរីសឹកថៃ Chanathip Songkrasin ប្រកាសដកខ្លួនពីក្រុមជម្រើសជាតិ។

យោងតាមការចេញផ្សាយនៅលើសារព័ត៌មានថៃ siamsport បានបញ្ជាក់ពីមូលហេតុនៃការដកខ្លួនរបស់កីឡាករវ័យ ២៥ឆ្នាំរូបនេះ គឺដោយសារតែបញ្ហារបួសដែលត្រូវការការព្យាបាលរយៈពេលវែង ពោលគឺរងរបួសសាច់ដុំនៅជើងផ្នែកខាងឆ្វេង នៅអំឡុងពេលហ្វឹកហាត់ជាមួយក្លឹបដែលខ្លួនកំពុងប្រកបអាជីពជាមួយនៅលីគកំពូលជប៉ុន Consadole Sapporo។

ដូច្នេះបានសេចក្ដីថា Chanathip Songkrasin នឹងអវត្តមានសម្រាប់ការប្រកួតដែលអ្នកតាមដានវិស័យបាល់ទាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ទន្ទឹងរង់ចាំទស្សនា រវាង ថៃ ជាមួយ វៀតណាម នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ សម្រាប់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួដឹងដែរថា ការប្រកួតនៃពានរង្វាន់បែបមិត្តភាព ប៉ុន្តែទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) មួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី០៨ ខែដដែល ដោយមាន៤ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះថៃ, វៀតណាម, ឥណ្ឌា និងខារ៉ាសៅ ( Curaçao ) ប្រទេសមកពីទ្វីបអាមេរិកកណ្ដាល នៅខេត្តបុរីរាម លើកីឡដ្ឋានរបស់ក្លឹបជើងឯកលីគកំពូលថៃ ៧សម័យកាល Buriram United។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ King’s Cup គឺជាពានដែលថៃ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗ ពីតាមបណ្ដាប្រទេសចំនួន ៤ជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ៕

 

រូបភាព៖ ช้างศึก 

ប្រភព៖ FA Thailand

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់