Fabregas ជឿថា Hazard អាចឈ្នះពាន Ballon d’Or ពេលចូលរួមជាមួយ Real Madrid

មាស សុផាណារ៉ុង May 30, 2019


 

អង់គ្លេស៖ អតីតមិត្តរួមក្រុមរបស់ Eden Hazard ដែលកំពុងរួមរស់ជាមួយ AS Monaco កីឡាករ Cesc Fabregas បានលើកឡើងទាំងជឿជាក់ថា Hazard អាចឈ្នះពាន Ballon d’Or ពេលដែលកីឡាកររូបនេះចូលរួមជាមួយ Real Madrid។

ខ្សែប្រយុទ្ធស្លាបឆ្នើម Eden Hazard ដែលកាលពីយប់មិញជួយឲ្យ Chelsea ឈ្នះ Arsenal ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Europa League បានរំពឹងថានឹងទៅចូលរួម Real Madrid ក្នុងរដូវក្ដៅនេះ ខណៈក្លឹបទាំងពីរកំពុងចរចាគ្នា។

អតីតខ្សែបម្រើ Arsenal, Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ Fabregas ត្រូវបាន Marca ដកស្រង់សម្ដីថា៖ «ខ្ញុំមិនគិតថានៅខណៈនេះ Chelsea អាចផ្ដល់អ្វីដែលគាត់ ស័ក្ដិសមនឹងទទួលបានឡើយ។ ក្នុងការចង់ឈ្នះអ្វីៗគ្រប់យ៉ាង រួមទាំង Ballon d’Or ផងនោះ ខ្ញុំដឹងថាគាត់មិនមានបញ្ហាពីរឿងនេះទេ គាត់ពិតជាចង់ឈ្នះ Champions League។ ខ្ញុំគិតថាបច្ចុប្បន្ននេះនៅ Chelsea មានរនាំងមួយនៅពីលើ ហើយខ្ញុំគិតថាគាត់អាចឡើងខ្ពស់ឆ្ងាយជាងនេះទៅទៀតពេលគាត់នៅក្លឹបដូចជា Real Madrid ព្រោះក្លឹបទាំងនេះ ដូចជា Real Madrid, Barcelona, Manchester City, Bayern Munich តែងតែត្រលប់មករកភាពខ្លាំង។ ពួកគេនឹងមានរដូវកាលអាក្រក់នៅ Real Madrid ប៉ុន្តែពួកគេនឹងវិលមកភាពខ្លាំងវិញ។»

គួរដឹងដែរថាយប់មិញ Hazard បានរួមចំណែកធំបំផុតឲ្យ Chelsea លើកពាន Europa League ដោយបានទាត់បាល់បញ្ចូលទីបាន ២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Pedro បញ្ចប់ទីបាន ១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៤ទល់១ លើកាំភ្លើងធំ Arsenal៕

 

រូបភាព៖ UEFA Europa League

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់