Chelsea កំពុងមានបញ្ហា គ្រូបង្វឹកសម្ដែងការខកចិត្ត ឯកីឡាករឈ្លោះគ្នា មុនប៉ះ Arsenal វគ្គផ្ដាច់ព្រ័ត្រយប់នេះ

មាស សុផាណារ៉ុង May 29, 2019


 

អង់គ្លេស៖ អ្នក​ចាត់​ការទូទៅ របស់ក្លឹបតោខៀវ ​Chelsea លោក Maurizio Sarri បាន​ដើរ​ចេញ​ពី​កន្លែង​​ហ្វឹកហាត់​របស់​ក្រុមក្នុង​ទីក្រុង Baku មុនប៉ះ Arsenal ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League យប់នេះ។

សេចក្ដីរាយការណ៍ថាមូលហេតុដែលលោកដើរចេញពីកីឡដ្ឋាន គឺដោយ​សារ​ David Luiz និង Gonzalo Higuain បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា បន្ទាប់ពីកីឡាករទាំងពីររូបបានប៉ះទង្គិចគ្នានៅក្នុងអំឡុងពេលហ្វឹកហាត់ ដោយ Luiz បានឲ្យកែងពីក្រោយទៅ Higuain បន្ទាប់​មក​​ក៏​បាន​និយាយ​គ្នា​ក្នុង​ទឹក​មុខ​មិន​សូវ​ល្អដាក់គ្នា។

មិនមែនតែ Luiz ដែលមានបញ្ហាជាមួយ Higuain សូម្បីតែ Pedro ក៏ត្រូវបានកត់សម្គាល់ឃើញកំពុងពិភាក្សាយ៉ាងយូរនៅចំពោះមុខគ្រូបង្វឹក ជាមួយនឹង Higuain ដដែលផងដែរ។

លោក Sarri ឯនេះវិញបាន​គ្រវែង​ និង​ទាត់​​មួក​របស់​ខ្លួន​ចោល​នៅលើ​ទីលាន​ក្នុង​ទឹក​មុខ​ខឹងសំបារ មុន​ពេល​ដើរ​ចូល​​ច្រកចេញ ប៉ុន្តែយ៉ាងណាមិញក្លឹប​បាន​ចេញ​មក​បក​ស្រាយ​ថា​ ជម្លោះ​រវាង​កីឡាករ​ខាងលើ ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ខឹង​របស់​លោក Sarri ទេ ​លោក​​មិន​រីករាយ​ដោយ​សារ​មិន​បាន​ហាត់​នៅ​១៥​នាទី​ចុងក្រោយ។

គួរដឹងដែរថា Chelsea នឹង​ត្រូវ​តទល់​ជាមួយក្រុម​រួម​លីគ Arsenal ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកម្រិតទី២ប្រចាំទ្វីបអ៊ឺរ៉ុប UEFA Europa League ​នៅ​យប់​នេះ​ នាវេលាម៉ោង​២​រំលង​អាធ្រាត្រ៕

វីដេអូនៃបញ្ហារបស់ Chelsea កាលពីអំឡុងពេលហ្វឹកហាត់ផ្លូវការចុងក្រោយ៖

 

ប្រភព និងវីដេអូ៖ theguardian

រូបភាព៖ sportbible

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់