ប្រកួតរវាង Buriram ជាមួយ Muangthong នៅតែបំបែកកំណត់ត្រាអ្នកចូលទស្សនាច្រើន ទោះ Muangthong ធ្លាក់ជើង

មាស សុផាណារ៉ុង May 28, 2019


 

ថៃ៖ ការប្រកួតក្របខណ្ឌលីគកំពូលថៃ កាលពីចុងសប្ដាហ៍កន្លងទៅរវាងម្ចាស់ផ្ទះ Buriram United ជាមួយ Muangthong United បានបំបែកកំណត់ត្រាជាការប្រកួតមានទស្សនាច្រើនជាងគេ ទោះបីជា Muangthong United កំពុងដុនដាប។

ទិន្នន័យដែលបានបង្ហាញដោយលីគកំពូលថៃ បានបញ្ជាក់ថា ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Chang Arena គឺបានបំបែកកំណត់ត្រាមានអ្នកទស្សនាច្រើនពោលគឺរហូតដល់ ២៧,០០៩នាក់ ក្នុងចំណោមកៅអីដែលអាចផ្ទុកបាន ៣២,៦០០នាក់។

ជាមួយគ្នាផងដែរ ការប្រកួតក្នុងសប្ដាហ៍តែមួយនេះ រវាងម្ចាស់ផ្ទះ Nakhon Ratchasima ជាមួយ ​Port FC មានចំនួនដល់ទៅ ២២,៥៥៥នាក់ និងជាកំណត់ត្រាច្រើនជាងគេទីពីរផងដែរ។ កីឡដ្ឋាន 80th Birthday Stadium ផ្ទុកបាន ២៤,៦៤១នាក់។

គួររំលឹកផងដែរថា ការប្រកួតរវាង Buriram United ជាមួយ Muangthong United ក្នុងសប្ដាហ៍ទី១២ បានបញ្ចប់ទៅដោយ Buriram យកឈ្នះ Muagnthong ១ទល់០។ លទ្ធផលបរាជ័យរបស់ Muangthong គឺធ្វើឲ្យ Muangthong កាន់តែពិបាកងើបមិនរួចពីបាតតារាង ហើយក៏ជាលើកទី៨ ជាប់ៗគ្នាដែលក្រុមនេះមិនទាន់ស្គាល់ពាក្យថាឈ្នះ ពោលគឺ ៨ប្រកួតចុងក្រោយ ចាញ់៦ និងស្មើ២ ខណៈ១២ប្រកួតកន្លងមក ​Muangthong ឈ្នះ២ ស្មើ២ និចាញ់៨។

ដោយឡែក Buriram United ឯណោះវិញបានឡើងមកឈរលេខ២ វិញ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែម តែក្រុមនេះនៅសល់ ២ប្រកួតក្នុងដៃផងដែរ៕

 

រូបភាព៖ Thai League / Nakhonratchasima FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់