Man Utd ប្រកាសស្វាគមន៍ ​Aston Villa ក្រោយឡើងមក Premier League វិញ

មាស សុផាណារ៉ុង May 28, 2019


 

អង់គ្លេស៖ ក្រុម Aston Villa បាន​ត្រលប់ឡើងមកក្របខណ្ឌ Premier League រដូវ​កាល​ក្រោយ​វិញហើយ បន្ទាប់​ពី​យក​ឈ្នះ​ Derby County ដោយ​លទ្ធផល​ ២ទល់១​ នៅ​វគ្គ​ Play-off នៅ​កីឡដ្ឋាន​ជាតិ​ Wembley ម្សិលមិញនេះ។

​កីឡាករ​ ២រូប El Ghazi និង​ McGinn រកបានម្នាក់១គ្រាប់ជ័យឲ្យ Aston Villa យកឈ្នះក្រុមរបស់លោក ​Frank ​Lampard ដែលរកបានតែ១គ្រាប់ដោយកីឡាករ Waghorn។

ភ្លាមៗក្រោយបានកៅអីមកកាន់ក្របខណ្ឌកំពូលប្រចាំប្រទេសអង់គ្លេស ក្លឹបបិសាចក្រហម Manchester United បានប្រកាសស្វាគមន៍ក្រុមដែលមានរហស្សនាមថា តោកំណាច មួយនេះនៅលើវិបសាយផ្លូវការរបស់ក្លឹប នាមជាគូប្រកួតដ៏ចំណាស់កាលពីអតីតកាល ជាពិសេសមានការរួមចំណែកពីកីឡាកររបស់ Man Utd ម្នាក់ពោលគឺខ្សែការពារ Axel Tuanzebe ដែលខ្ចីជើងកាលពីដើមរដូវកាល។

គួដឹងដែរថា Aston Villa បានបាត់មុខពី Premier League ៣រដូវកាលមកហើយ កាល​ពី​រដូវ​កាល​មុនពួកគេបានឡើង​ដល់​វគ្គ​នេះ​ដូចគ្នា​​ ប៉ុន្តែ​បាន​ភ្លាត់​ចាញ់​ Fulham។

ដូច្នេះ Aston Villa នឹងឡើងមកបង្រ្គប់ក្រុមពីរដែលបានកក់កៅអីយូរណាស់មកហើយ Norwich ជាមួយនឹង​ Sheff Utd ជំនួសឲ្យ Cardiff City, Fulham និង Huddersfield Town ដែលត្រូវកាត់ចេញពី Premier League៕

 

រូបភាព៖ Tom Jenkins/The Guardian

អត្ថបទ៖ ណារ៉ុង

មតិយោបល់