ប្រកួតកីឡាវាយកូនហ្គោល ដណ្ដើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង May 20, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនគោល ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និងដើម្បីអបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ( ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០១៩ ) បានធ្វើឡើងពេញមួយថ្ងៃទី១៩ ខែឧសភា នាទីលានហ្គ្រែនភ្នំពេញ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិអូឡាំពិកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមបើកការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩នេះ។

លោក ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធវាយកូនហ្គោលកម្ពុជា បានអោយដឹងថាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងដើម្បីអបអរសាទរទិវាខួបរំលឹកអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ( ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០១៩ ) ដែលបានកសាងនូវស្នាដៃសមិទ្ធផលវីរភាព ដ៏ឧត្តុងឧត្តម និងជាគំរូសម្រាប់នគរបាលជាតិជំនាន់ក្រោយ។ ការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង នេះក៏ក្នុងគោលបំណង ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលលនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ជា បូរ៉ា បានឲ្យដឹងទៀតថា ការប្រកួតនេះមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមការប្រកួតសរុបប្រមាណ ២០០នាក់ ហើយការប្រកួតនេះត្រូវបានបែងចែកជា៣ផ្នែក គឺការប្រកួតជាក្រុមមានចំនួន ៧២នាក់, ការប្រកួតជាឯកត្តជនមានចំនួន ៨៦នាក់ និងការប្រកួតផ្នែកនារី មានចំនួន ២១នាក់។

ចំពោះលទ្ធផលវិញ្ញាសាប្រកួតជាក្រុមចំណាត់ថ្នាក់លេខ១ បានទៅក្រុមសម្ដេចក្រឡាហោម ស ខេង ដែលមានសម្ដេចក្រឡាហោមសខេង, ឧកញ៉ា ឈុន អូន និងឧកញ៉ា សុខ ហុង។ ចំណាត់ថ្នាក់លេខ ២ បានទៅក្រុមសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់, លោកនាយឧត្តមសេនីយ ឥត សារ៉ាត់ និងលោក អ៊ុក កោសា។ ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ដែលមានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ, លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោកអ៊ុក សាវុធ។

លទ្ធផលវិញ្ញាសាឯកត្តជនដែលមានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក សរ សិទ្ធិ លេខ២ ឧកញ៉ា លី ហុង និងលេខ៣ លោក លី គា។ លទ្ធផលលើវិញ្ញាសាឯកត្តជនកីឡាករដែលគ្មានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅលោក លឹម ប៊ូប៉ោ លេខ២ លោក ហាយ ងួន និងលេខ៣ លោក សោម បូរីរក្ស។ លទ្ធផលវិញ្ញាសាប្រកួតផ្នែកនារី គឺលេខ១ បានទៅកីឡាការិនី ខាន់ វង្ស លេខ២ កីឡាការិនី សាយ សុខនី និងលេខ៣កីឡាការិនី កែវ សុខឃឿន៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់